ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ

(រាជធានីភ្នំពេញ)៖ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦, ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រី​​ទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ លោក Du Jianhao ដឹកនាំប្រតិភូក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd.  ដែលជាក្រុមហ៊ុនផលិតថ្នាំកសិកម្ម និងជាសមាជិកក្រុមប្រឹក្សានៃសមាគមឧស្សាហកម្មថ្នាំកសិកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់ពីឱកាសនិងលទ្ធភាពវិនិយោគលើថ្នាំកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា។

លោក Du Jianhao ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូ និងបានជម្រាបជូនអំពីសាវតា បទពិសោធ សក្តានុពល និងសមត្ថភាពផលិតកម្មក្រុមហ៊ុន ដែលមានផលរបរប្រមាណ២ពាន់លានដុល្លារអាម៉េរិក និងបាននាំចេញទៅកាន់បណ្តា​ប្រទេសនានាលើ​សកលលោក។ លោកបានជម្រាបជូនថា វិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ច ដ៏សំខាន់ ហើយក្រុមហ៊ុនមានបំណងបង្កើតរោងចក្រនៅកម្ពុជា នាំចូលតែវត្ថុធាតុដើមមកផ្សំនៅក្នុងស្រុកដោយប្រើប្រាស់ បច្ចេកវិទ្យា ដែលអាច​​កាត់បន្ថយថ្លៃដើមផលិត ធានាសុវត្ថិភាពខ្ពស់ជូនដល់កម្មករ បុគ្គលិក ធានាបាននូវបរិស្ថាន បៃតង និងលទ្ធភាពប្រកួតប្រជែងលើទីផ្សារ។ លោកបានបញ្ជាក់ថា ផលិតផលថ្នាំកសិកម្មដែលក្រុមហ៊ុនផលិតមានកម្រិតជាតិពុលទាបបំផុត (ទាបជាងគេ) មិនប៉ះពាល់ដល់សុខភាពមនុស្ស ហើយតាមរយៈការវិនិយោគនេះ ក្រុមហ៊ុននឹងរួមចំណែកជំរុញវិស័យ​ផលិតកម្មឱ្យមាន​ការលូតលាស់ ជួយកសិករខ្មែរ ក្នុងការកាត់បន្ថយ​ការចំណាយ សន្សំសំចៃថវិកា បង្កើនទិន្នផលដំណាំ ដែលនឹងចូលរួមគាំទ្រដល់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងកាត់​បន្ថយការនាំចូលថ្នាំកសិកម្មពីបរទេស។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd. ដែលមានបំណងមកវិនិយោគនៅកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែស្វាគមន៍ជានិច្ច និងផ្តល់ការគាំទ្រ ព្រមទាំងផ្តល់នូវបរិស្ថានវិនិយោគអនុគ្រោះដល់វិនិយោគិនល្អៗ ដែលមានបំណងវិនិយោគពិតប្រាកដ ពិសេសក្នុងវិស័យកសិកម្មនេះ។ ក្នុងន័យនេះ ទោះបីជាផលិតផលថ្នាំកសិកម្មជាតម្រូវការក្តី ប៉ុន្តែកម្ពុជាក៏មានការប្រយ័ត្នប្រយែងដែរ ត្បិតព្រោះថ្នាំកសិកម្មអាចផ្តល់ផលប្រយោជន៍ក៏ពិតមែន ប៉ុន្តែបើផលិតខុសបច្ចេកទេស គ្មានស្តង់ដា ឬមិនចេះប្រើប្រាស់ ឬប្រើប្រាស់ខុសបច្ចេកទេស នឹងបង្កផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន។ ដូច្នេះ ក្រុមហ៊ុនត្រូវតែគិតគូរ​ឱ្យបានហ្មត់ចត់លើគុណភាព ស្តង់ដាបច្ចេកទេស និងការណែនាំការប្រើប្រាស់ដល់កសិករឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានបន្ថែមថា ការប្រើប្រាស់ថ្នាំកសិកម្មដែលមានស្តង់ដា និងបច្ចេកទេសត្រឹមត្រូវ នឹងជួយជំរុញដល់ការនាំចេញកសិផលកម្ពុជា ទៅកាន់​​ទីផ្សារប្រទេសចិន តំបន់ និងលើពិភពលោក នាពេលខាងមុខផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានអរគុណដល់ក្រុមហ៊ុន Shaoxing Shangyu Xin Yinbang Biochemical Co., Ltd.  ដែលមានបំណងចាប់អារម្មណ៍វិនិយោគក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលជាខេត្តមានផ្ទៃដីធំ ស្ថិតនៅចំកណ្ដាលប្រទេស ប្រភពទឹកសំបូរបែប ចំនួនប្រជាជនច្រើនគួរសម និងមាន​ហេដ្ឋារចនា​សម្ព័ន្ធផ្លូវ ទឹក អគ្គិសនី សមស្រប ជាប្រព័ន្ធ Ecosystem ព្រមទាំងជាមជ្ឈមណ្ឌលប្រមូលផ្តុំកសិកម្ម
កសិ-ឧស្សាហកម្មដ៏មានសក្តានុពល ដែលបាននិងកំពុងទាក់ទាញការវិនិយោគ​ជាច្រើនពីក្រុមហ៊ុន​បរទេសធំៗ ហើយថែមទាំងមានការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស សម្រាប់កែច្នៃកសិកម្ម និងកសិឧស្សាហកម្ម និងគម្រោង​សួនឧស្សាហកម្មស្វាយចន្ទី (CIP) ទៀតផង។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានជូនពរឱ្យក្រុមហ៊ុនទទួលបានជោគជ័យក្នុងការសិក្សា និងឈានទៅសម្រេចបាននូវការវិនិយោគពិតប្រាកដនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។