ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអ៉ឺរ៉ុប-អាស៊ាន
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ច អ៉ឺរ៉ុប-អាស៊ាន EU-ABC) ដឹកនាំដោយ លោក Noel Clehane អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអ៉ឺរ៉ុប-អាស៊ាន EU-ABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោមកិច្ចសម្របសម្រួលរបស់ លោក Tassilo Brinzer អនុប្រធានសភាពាណិជ្ជកម្មអ៉ឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហភាពអ៉ឺរ៉ុប ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអ៉ឺរ៉ុប-អាស៊ាន (EU-ABC)ដែលមានតំណាងក្រុមហ៊ុនអ៉ឺរ៉ុបធំៗជាច្រើន បានបង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែលជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកែទម្រង់ និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគបរទេស តាមរយៈការអនុវត្ត ច្បាប់ស្តីពីការវិនិយោគ ដែលមានការលើកទឹកចិត្តជាច្រើន, រាជរដ្ឋាភិបាលដែលផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់វិស័យឯកជន, កម្លាំងពលកម្មវ័យក្មេងនិងស្វាហាប់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទីតាំងភូមិសាស្ត្រដ៏មានសក្តានុពលរបស់កម្ពុជាដែលស្ថិតនៅចំកណ្តាលមហាអនុតំបន់ទន្លេមេគង្គ។ កត្តាទាំងនេះ រួមជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានកម្ពុជាមាន វិនិយោគិននឹងអាចឈានជើងចូលក្នុងទីផ្សារដែលមានអ្នកប្រើប្រាស់រាប់ពាន់លាននាក់ នៅពេលបណ្តាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធីពាក់ព័ន្ធនានា ជាពិសេសការធ្វើឌីជីថលភាវូបនីយកម្មសម្រាប់ការផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM។
អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញលំហូរទុនវិនិយោគដោយផ្ទាល់ (FDI) ពីអ៉ឺរ៉ុប មកកាន់កម្ពុជាឱ្យកាន់តែច្រើន និងការស្វែងរកមធ្យោបាយដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអ៉ឺរ៉ុប ក្នុងគោលបំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើកំណែទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេសច្បាប់ស្តីពីការវិនិយោគថ្មី និងការសម្របសម្រួលពាណិជ្ជកម្មផងដែរ។
ជំនួបរវាងជាមួយគណៈប្រតិភូ EU-ABC នាព្រឹកនេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជា វេទិកាទំនាក់ទំនងរវាងរដ្ឋនិងឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រឈម និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ ជំនួបនេះត្រូវបានរំពឹងថានឹងបង្កើនទំនុកចិត្តរបស់វិនិយោគិនអ៉ឺរ៉ុបមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែលនឹងក្លាយជាកម្លាំងចលករដ៏សំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិរបស់កម្ពុជានាពេលអនាគត៕



