ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់បាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ និងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «ឧត្តមភាពមន្ត្រី» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្រ្តីជាន់ខ្ពស់ ជំនាន់ទី១៣ និងសិស្សមន្រ្តីក្រមការ ជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងមន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ១០០០អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ។
ក្នុងមតិស្វាគមន៍នៃបាឋកថានេះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានលើកឡើងពីប្រវត្តិសិក្សា និងបទពិសោធការងាររបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ពីឆ្នាំ២០០៨ រហូតមកដល់បច្ចុប្បន្ន ពិសេសក្នុងក្របខ័ណ្ឌក្រសួងមុខងារសាធារណៈ រួមមានការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋា ភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានចាត់ទុកថា ការគាំទ្រ និងរួមចំណែករបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គឺជាសកម្មភាពប្រកបដោយគុណតម្លៃខ្ពស់ ក្នុងការជួយពង្រឹងដល់ដំណើរការ នៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល ដើម្បីអភិវឌ្ឍមូលធនមនុស្សក្នុងវិស័យសាធារណៈ ស្របតាមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ក៏បានបញ្ជាក់ថា តាមរយៈវេទិកានេះ ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយ អាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំនិងគ្រប់គ្រងលើវិស័យសាធារណៈ ការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារ ការងារកែទម្រង់ និងការអនុវត្តគោលនយោ បាយរបស់ក្រសួង ស្ថាប័ន ដូចក្នុងកម្មវិធីបាឋកថានាព្រឹកនេះស្តីពី «ឧត្តមភាពមន្ត្រី» ដែលជាប្រធានមួយដ៏មានសារៈសំខាន់។ ជាការពិត «ឧត្តមភាពមន្ត្រី» គឺជាសញ្ញាណមួយក្នុងរដ្ឋបាលសាធារណៈ ដែលត្រូវបានផ្តួចផ្តើមដោយផ្ទាល់ពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងទទួលបានការអនុម័តក្នុងអង្គប្រជុំក្រុមប្រឹក្សា សាលាភូមិន្ទរដ្ឋបាលនាថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ ដើម្បីរៀបចំបញ្ចូលមុខវិជ្ជា «ឧត្តមភាពមន្ត្រី» ក្នុងកម្មវិធីបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល។
នៅក្នុងពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រីរាជការទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល ដែលបាមខិតខំបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ ទាំងលើគុណភាព ប្រសិទ្ធភាពនៃការជ្រើសរើស និងការបណ្តុះបណ្តាលសិស្សមន្ត្រី កម្មសិក្សាការី ក៏ដូចជាជម្រុញការ សិក្សាស្រាវជ្រាវបានយ៉ាងល្អប្រសើរ ហើយក៏សូមឆ្លៀតយកឱកាសនេះ ចូលរួមអបអរសាទរ ដល់សិស្សមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីគ្រប់រូបនៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ដែលមានវត្តមាននៅទីនេះ ដែលបានបង្ហាញពីភាពជោគជ័យរបស់យើងទាំងអស់គ្នា ក្នុងការបញ្ចប់ការ សិក្សា នៅសាលាភូមិន្ទរដ្ឋបាល។ នៅក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាកថា«ឧត្តមភាពមន្ត្រី» ជាមុខវិជ្ជា ដាក់បន្ថែម ក្នុងការបណ្តុះបណ្តាលមន្ត្រី នៅសាលាភូមិន្ទរដ្ឋបាល។ មុខវិជ្ជាឧត្តមភាពមន្ត្រីនេះ សិក្សាដោយផ្តោតទៅលើបុព្វហេតុនៃការក្លាយជាមន្ត្រីរាជការ កាតព្វកិច្ច សិទ្ធិ និងអត្ថប្រយោជន៍នៃមន្ត្រីរាជការ ស្តង់ដារវិជ្ជាជីវៈ និងក្រមសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីរាជការ វប្បធម៌ការងារស្ថាប័នសាធារណៈ និងការផ្សារភ្ជាប់នូវឧត្តមគតិរបស់មន្ត្រីរាជការទៅនឹងទស្សនៈសង្គមជាតិ ព្រមទាំងមានកម្មវិធីទស្សនកិច្ចសិក្សា ដើម្បីសិក្សាឈ្វេងយល់អំពីឧត្តមានុវត្តន៍ ក្នុងវិស័យសាធារណៈ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តាំផ្ញើដល់សិស្សមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីគ្រប់រូបនៃសាលាភូមិន្ទរដ្ឋបាល
ដែលបានបញ្ចប់ការសិក្សារបស់ខ្លួនដោយជោគជ័យ នឹងត្រូវទៅបំពេញការងារ ជាមន្រ្តីរាជការ នៅតាមបណ្តាក្រសួង ស្ថាប័ននានា រៀងៗខ្លួន សូមយកចំណេះដឹង និងបទពិសោធន៍ ដែលទទួលនាពេលនេះ ប្រើប្រាស់ជាមេរៀន និងប្រយោជន៍សម្រាប់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព នៅតាមអង្គភាពរបស់ខ្លួន នាពេលអនាគត។
នៅក្នុងបាឋកថានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានចោទជាសំណួរ ទៅកាន់សិស្សមន្ត្រីជាន់ខ្ពស់ កម្មសិក្សាការីមន្ត្រីមធ្យម កម្មសិក្សាការីគ្រប់រូបនៃសាលាភូមិន្ទរដ្ឋបាល
ដែលបានបញ្ចប់ការសិក្សា ថា «តើអ្នកទាំងអស់គ្នា នឹងទៅបំពេញភារកិច្ច ហើយនិងក្លាយជាមន្ត្រីប្រភេទណា?»។
នៅក្នុងឱកាសនៃកម្មវិធីបាឋកថានេះដែរ ក៏មានការរៀបចំកម្មវិធីសំណួរ ចម្លើយផងដែរ៕



