ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំជំរុញការអនុវត្ត គម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុតឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ រាជរដ្ឋា ភិបា ល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាព ទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ដោយមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្ដមទេសរដ្ឋមន្ត្រី ឆែម គាតរិទ្ធី, ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ,តំណាង អាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ជំនាញ ពាក់ព័ន្ធមួយចំនួនទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា គម្រោងនេះគឺជាគម្រោងដ៏សំខាន់មួយនៅក្នុងក្របខ័ណ្ឌនៃ «ផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០» ស្របតាមចក្ខុវិស័យប្រកបដោយគតិបណ្ឌិត ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «លែងឱ្យខេត្តកំពង់ធំ ជាកន្លែងទៅហួសមកហួស និងជារបៀងទេសចរណ៍ភ្នំពេញ-កំពង់ធំ-សៀមរាប ឬជាខ្សែច្រវាក់ គោលដៅទេសចរណ៍មួយតាមទិសពីភ្នំពេញ-សំបូរព្រៃគុក-អង្គរ។
កិច្ចប្រជុំបានពិនិត្យនិងពិភាក្សាលើគម្រោងអាទិភាពចំនួន៤ រួមមាន (១).គម្រោង «លើកកម្ពស់ភាពទាក់ទាញ ទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ» (២). គម្រោង «កែលម្អបទពិសោធទេសចរណ៍ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor Prei Kuk Area)» (៣). គម្រោងយុទ្ធនាការផ្សព្វផ្សាយឌីជីថល «សំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ(Sambor Prei Kuk: Pre-Angkorian Chenla)» និង (៤). គម្រោងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្រោមយុទ្ធនាការ “ទីក្រុងស្អាត ភូមិស្អាត រមណីយដ្ឋានស្អាត សេវាកម្មល្អ បដិសណ្ឋារកិច្ចល្អ”។ ក្នុងនោះ គម្រោង «លើកកម្ពស់ភាពទាក់ទាញ ទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ» ត្រូវបានបែងចែកជាអនុគម្រោងចំនួន៣ រួមមាន ទី១.លើកកម្ពស់ ភាពទាក់ទាញទេសចរណ៍ ក្នុងសហគមន៍ ទេសចរណ៍សំបូរព្រៃគុក ទី២. លើកកម្ពស់ ភាពទាក់ទាញទេសចរណ៍ក្នុង រមណីយដ្ឋានវប្បធម៌ប្រាសាទសំបូរព្រៃគុក និង ទី៣. ការកែលម្អបឹងប្រាំងជាគោលដៅសម្រាក លម្ហែ កម្សាន្ត (Wellness Tourism)។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានណែនាំឱ្យក្រុមការងារធ្វើការសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា(CTB) និងក្រុមការងារបរិវត្តកម្មឌីជីថលនៃក្រសួងទេសចរណ៍ ដើម្បីបន្តរៀបចំឱ្យមានប្រសិទ្ធភាពនូវ គម្រោងកែលម្អបទពិសោធទេសចរណ៍ដោយប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលក្នុងតំបន់ប្រាសាទសំបូរព្រៃគុក (Digital Tourism Experience in Sambor PreiKuk Area) និងគម្រោងយុទ្ធនាការផ្សព្វផ្សាយ ឌីជីថល «សំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ (Sambor Prei Kuk: Pre-Angkorian Chenla)» ដោយមាន កិច្ចសហការ និងការ គាំទ្រ ផងដែរពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអាជ្ញាធរជាតិសំបូរព្រៃគុក។ ចំពោះគោលដៅកែលម្អដូចជាផ្សារសហគមន៍ ផ្ទះស្នាក់ សហគមន៍ ផ្ទះធ្វើនំ វត្តសំបូរ វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល កន្លែងលក់សំបុត្រ កន្លែងឆែកសំបុត្រ ផ្លូវជិះកង់ បឹងប្រាំងខាងលិច និងបឹងប្រាំងខាងកើត ត្រូវផ្ដោតលើសោភណភាព ការរៀបចំសួន ឈើដាំ កន្លែងចំណត ព្រមទាំងអនាម័យ ឱ្យក្លាយជាកញ្ចប់តែមួយ ឬប្រព័ន្ធអេកូឡូស៊ីទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងមានប្រសិទ្ធផលខ្ពស់ និងភ្ជាប់ជាមួយការតំបន់ទេសចរណ៍ក្រុងស្ទឹងសែន ដែលរដ្ឋបាលខេត្តកំពង់ធំកំពុងរៀបចំនិងអភិវឌ្ឍន៍។
ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានស្នើឱ្យអាជ្ញាធរជាតិសំបូរព្រៃគុក និងរដ្ឋបាលខេត្ត កំពង់ធំ គិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) ឱ្យទៅជា សារមន្ទីរសំបូរព្រៃគុក៖ចេនឡាមុនសម័យអង្គរ ដែលបង្ហាញពីប្រវត្តិសំខាន់ៗទាក់ទងនឹង ប្រវត្តិសាស្ត្រ ចេនឡានិងប្រាសាទ ក៏ដូចជា តំបន់ជុំវិញ ព្រមទាំង ការតាំងនិងលក់វត្ថុអនុស្សាវរីយ៍ផ្សេងៗ។ ទន្ទឹមនេះ ត្រូវយក ចិត្ត ទុកដាក់ខ្ពស់លើការពង្រឹង សន្តិសុខ សណ្ដាប់ ធ្នាប់ និងអនាម័យឱ្យបានល្អ ព្រមទាំងបន្តកិច្ចសហការជាមួយក្រសួង ស្ថាប័ន ពាក់ព័ន្ធ ដើម្បីកសាង មូលដ្ឋាននៃភាពទាក់ទាញទេស ចរណ៍ដោយផ្ដោតសំខាន់លើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និង ប្រព័ន្ធ អ៊ីនធឺណិត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រាសាទសំបូរព្រៃគុកកាន់តែច្រើន ក្នុងគោលដៅរួមចំណែកលើកកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគមន៍ ប្រកបដោយបរិយាបន្ន និងចីរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារ ពីការរៀបចំយន្តការប្រតិបត្តិ ដើម្បី អនុវត្តគម្រោងខាងលើ និងការរៀបចំនូវផែនការសកម្មភាព តាមរយៈយុទ្ធសាស្រ្តស្នូល៖ អន្ទាក់ពេលវេលា (The Time Trap Strategy) ដែលមានកម្មវិធី និងសកម្មភាពដ៏ទាក់ទាញ ដើម្បីប្រែក្លាយខេត្តកំពង់ធំពីគ្រាន់តែជា «ចំណតឆ្លងកាត់ (Stopover)» ដែលភ្ញៀវចំណាយពេល ត្រឹមតែ ១ម៉ោងទៅ៣ម៉ោង ឱ្យទៅជា «គោលដៅស្នាក់នៅ ឱ្យបានយ៉ាងតិច ១យប់បន្ថែម» ស្របតាម«ផែនការ អភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ២០២៦-២០៣០»។
ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បានសម្រេចនូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំ ការទាក់ទាញវិនិយោគិន ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការស្វែងរកទីផ្សារពាណិជ្ជកម្ម ការលើកម្ពស់កសិកម្មនិងកសិ-ឧស្សាហកម្ម ការរៀបចំកម្មវិធីបណ្តុះបណ្តាលផ្សេងៗ និងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗពាក់ព័ន្ធ នឹងជីវភាព របស់ប្រជាជន ជាពិសេសនាពេលថ្មីៗកន្លងមកនេះក៏បានរៀបចំប្រព័ន្ធអ៊ីនធឺណិត អគ្គិសនី និងផ្លូវថ្នល់ ក្នុងតំបន់ប្រាសាទសំបូរព្រៃគុកផងដែរ។