ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំពិនិត្យផ្ទាល់នូវដំណើរការកែសន្លឹកកិច្ចការសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ ដើម្បីធានាតម្លាភាព ១០០%

ដំណើរការកំណែសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី២ សម្រាប់ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល បានចាប់ផ្តើមជាផ្លូវការហើយនៅព្រឹកថ្ងៃនេះ ក្រោមការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីស្វែងរកអ្នកចេះពិតប្រាកដមកបម្រើការងារ។

ព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ដល់មណ្ឌលកំណែ ស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល។ ការចុះវត្តមានផ្ទាល់នេះ គឺជាការបង្ហាញនូវឆន្ទៈមោះមុតក្នុងយន្តការប្រឡងឱ្យកាន់តែមានភាពសុក្រឹត និងយុត្តិធម៌សម្រាប់បេក្ខជនទាំងអស់។

​យោងតាមរបាយការណ៍ សន្លឹកកិច្ចការដែលត្រូវកែក្នុងវគ្គនេះមានចំនួនសរុប ១,៣៤៨ ច្បាប់។ ក្នុងដំណើរការកែនេះ អនុគណៈកម្មការ បានអនុវត្តតាមបទដ្ឋានបច្ចេកទេសយ៉ាងតឹងរ៉ឹងបំផុត ដោយបែងចែកជាដំណាក់កាលៗ ចាប់តាំងពីការត្រួតពិនិត្យលេខកូដសម្ងាត់ រហូតដល់ការផ្តល់ពិន្ទុ ដើម្បីបង្ការរាល់កំហុសអចេតនា និងធានាថាគ្មានការអន្តរាគមន៍ណាមួយអាចកើតឡើងបានឡើយ។

​អ្វីដែលជាចំណុចពិសេស និងជាទំនុកចិត្តដល់សាធារណជន គឺវត្តមានរបស់ស្ថាប័នត្រួតពិនិត្យ និងអ្នកសង្កេតការណ៍ចម្រុះ រួមមាន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) តំណាងសាកលវិទ្យាល័យនានា និងសាធារណជនស្ម័គ្រចិត្តដែលបានចុះឈ្មោះ ព្រមទាំងអ្នកសារព័ត៌មានជាច្រើនស្ថាប័នទៀត ។

​ការប្រឡងជ្រើសរើសសិស្សមន្ត្រីក្រមការ ជំនាន់ទី១២ នេះ គឺជាផ្នែកមួយនៃការកែទម្រង់រដ្ឋបាលសាធារណៈដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិទី៧។ គោលដៅចម្បងគឺការជ្រើសរើសមន្ត្រីដែលពោរពេញដោយសមត្ថភាព គុណធម៌ និងឆន្ទៈម្ចាស់ការ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង តែងតែសង្កត់ធ្ងន់ថា រាល់ការប្រឡងត្រូវតែឈរលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងមិនមានការអន្តរាគមន៍ពីខាងណាឡើយ ។ វត្តមានរបស់អ្នកសារព័ត៌មាន និងសាធារណជនក្នុងមណ្ឌលកំណែនៅថ្ងៃនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា លទ្ធផលដែលនឹងចេញមកនាពេលខាងមុខ គឺជាលទ្ធផលនៃសមត្ថភាពពិតប្រាកដរបស់បេក្ខជនម្នាក់ៗ។