ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានទទួលជួប សម្តែងការគួរសម ផ្តល់រង្វាន់លើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹក ដែលដណ្តើមមេដាយជូនជាតិ និងការផ្តល់កម្លាំងចិត្ត ព្រមទាំងអនុសាសន៍ណែនាំដល់ប្រតិភូកីឡាហែលទឹក ត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣
នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលជួបសម្តែងគួរសម ផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកពិភពលោក (CMAS) សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តទៅក្នុងប្រទេសឥណ្ឌូនេស៊ី និងជួបសម្តែងគួរសម ផ្តល់កម្លាំងចិត្ត អនុសាសន៍ណែនាំ និងអំណោយលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកជម្រើសជាតិ ដែលត្រៀមនឹងធ្វើដំណើរទៅចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ នៅក្នុងប្រទេសថៃ។
ជំនួបនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, លោកអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប និងជាអនុប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក, លោកឧកញ៉ា ជា ហ៊ុយ អគ្គនាយកក្រុមហ៊ុន អិនស៊ីអិច ហុងដា, ព្រមទាំងថ្នាក់ដឹកនាំ ក.អ.ក និងក្រសួងសាធារណការ និងដឹកជញ្ជូន ជាច្រើនរូបផ្សេងទៀត។
លទ្ធផលគួរជាទីមោទនៈ ដែលកើតចេញពីការប្រកួតយ៉ាងស្វិតស្វាញរបស់កីឡាករ កីឡាការិនី បាននាំឱ្យកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៣ នៃតារាងមេដាយរួម ក្នុងកម្មវិធីប្រកួតកីឡាហែលទឹកដោយប្រើកន្ទុយត្រី (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ រៀបចំដោយសហព័ន្ធកីឡាក្នុងទឹកពិភពលោក (CMAS) សម្រាប់តំបន់អាស៊ីអាគ្នេយ៍។ ក្នុងចំណោមមេដាយសរុបចំនួន ១០គ្រឿងដែលទទួលបាន ក្នុងនោះមាន មេដាយមាស ១គ្រឿង, ប្រាក់ ៣គ្រឿង និងសំរឹទ្ធ ៦គ្រឿង។
ដោយឡែក ចំពោះការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ លើប្រភេទវិញ្ញាសារកីឡាហែលទឹក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ក្នុងប្រទេសថៃ សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ជូនប្រតិភូចំនួន ៩រូបចូលរួម រួមមាន៖ គ្រូបង្វឹក ១រូប, គ្រូជំនួយ ១រូប, កីឡាករ ៤រូប, កីឡាការិនី ២រូប និងលោក ហែម គិរី អគ្គលេខាធិការសហព័ន្ធ ត្រូវបានអញ្ជើញទៅចូលរួមជាមន្ត្រីគណៈកម្មការបច្ចេកទេសអន្តរជាតិ។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រធានសហព័ន្ធ បានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះកីឡាករ-កីឡាការិនី ដែលបានតស៊ូប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានមេដាយជូនជាតិមាតុភូមិ ពីការប្រកួតនៅក្នុងប្រទេសឥណ្ឌូនេស៊ី នាពេលថ្មីៗកន្លងទៅ។ ឯកឧត្តមបានគូសបញ្ជាក់ថា រង្វាន់ជាថវិកាដ៏សប្បុរសនេះ ជាសក្ខីភាពបញ្ជាក់ពីការទទួលស្គាល់ និងការដឹងគុណរបស់រាជរដ្ឋាភិបាល ក៏ដូចជាសហព័ន្ធ ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗកីឡាករ ដែលបានធ្វើឱ្យទង់ជាតិកម្ពុជាលេចត្រដែតលើឆាកអន្តរជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកដល់ប្រតិភូកីឡាករទាំងអស់ ដែលនឹងចេញដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ថា ក្មួយៗទាំងអស់គ្នាមិនត្រឹមតែជាអត្តពលិកទេ តែជាទូតសុឆន្ទៈរបស់កម្ពុជា ត្រូវរក្សាឱ្យបាននូវឥរិយាបថថ្លៃថ្នូរ មានវិន័យខ្ពស់ គោរពច្បាប់របស់ប្រទេសម្ចាស់ផ្ទះ និងចៀសវាងដាច់ខាតនូវសកម្មភាពដែលអាចប៉ះពាល់ដល់កិត្តិយសជាតិ។ ឯកឧត្តម បានជំរុញឱ្យកីឡាករទាំងអស់រក្សាបាននូវស្មារតីស្នេហាជាតិខ្ពស់បំផុត ចូលរួមប្រកួតដោយសេចក្តីថ្លៃថ្នូរ និងគោរពវិន័យកីឡាឱ្យបានម៉ឺងម៉ាត់ ត្រូវស្តាប់និងអនុវត្តតាមដំបូន្មានរបស់គ្រូបង្វឹកឱ្យបានគ្រប់ជ្រុងជ្រោយ៕



