ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ លើកទី២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារតម្រង់ទិសតំណាងរាជរដ្ឋាភិបាល សម្រាប់កិច្ចសហការជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បានដឹកនាំកិច្ចប្រជុំ លើកទី២ ដើម្បីបន្ដពិនិត្យ និងពិភាក្សាវឌ្ឍនភាពនៃការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម សុខ សារាវុឌ្ឍ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឥស្សរជនជាន់ខ្ពស់របស់រាជរដ្ឋាភិបាលដែលជាសមាជិកនៃក្រុមការងារតម្រង់ទិស និងក្រុមការងាររបស់ធនាគារពិភពលោក ដែលដឹកនាំដោយលោកស្រី ថាញ៉ា មេយ័រ (Tania Meyer) នាយកប្រចាំប្រទេសនៃធនាគារពិភពលោក (The World Bank) ប្រចាំកម្ពុជា អមដោយសេដ្ឋវិទូជាន់ខ្ពស់ប្រចាំតំបន់និងសកល ដោយបានផ្ដោតការពិភាក្សាលើប្រធានបទចំនួន ២ សំខាន់ៗគឺ៖ (១) ការ
បណ្តុះបណ្តាលជំនាញ និងការបង្កើតការងារ និង (២) ការកែទម្រង់ស្ថាប័ន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែលជាសមាជិកនៃក្រុមការងារតម្រង់ទិស និងលោកស្រីនាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា ព្រមទាំងក្រុមការងារធនាគារពិភពលោក ដែលបានចូលរួមចែករំលែកនូវព័ត៌មាន ទស្សនៈ និងបទពិសោធ ពាក់ព័ន្ធប្រធានបទទាំងពីរក្នុងកិច្ចប្រជុំនេះ ដែលជាផ្នែកនៃរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់ធនាគារពិភពលោក ហើយរបាយការណ៍នេះនឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់កម្ពុជាក្នុងការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។
បន្ទាប់មក លោកស្រី ថាញ៉ា មេយ័រ នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា បានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានចូលរួមកិច្ចប្រជុំពិភាក្សានេះ សំដៅរួមចំណែកដល់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយគុណភាព។ ពាក់ព័ន្ធនឹងប្រធានបទទាំងពីរនេះ លោកស្រីក៏បានបំផុសនូវចំណុចសម្រាប់ការពិភាក្សា ៣ រួមមាន (១) ការកសាងភាពធន់របស់កម្ពុជាស្ថិតក្រោមភាពមិនច្បាស់លាស់នៃស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល (២) ការទាញប្រយោជន៍ពីកម្លាំងពលកម្មកម្ពុជាដែលជាយុវជន និង (៣) ការគិតគូរទាំងលើទិដ្ឋភាពបរិមាណ និងគុណភាពនៃការងារដែលត្រូវបង្កើត។
ជំនាញការអន្តរជាតិរបស់ធនាគារពិភពលោកបានបង្ហាញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់សម្រាប់ការបណ្តុះបណ្តាលជំនាញ និងការបង្កើតការងារក្នុងរយៈពេលកន្លងមក។ ក៏ប៉ុន្តែ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ កិច្ចខិតខំប្រឹងបន្ថែមមានភាពចាំបាច់ ដែលត្រូវផ្តោតលើ ការជំរុញការផ្លាស់ប្តូរអត្រាការងារក្នុងវិស័យកសិកម្មទៅក្នុងវិស័យឧស្សាហកម្មនិងសេវាកម្ម ការពង្រីកទំហំអត្រាការងារផ្លូវការ (Formal Jobs) និងការបង្កើនផលិតភាពការងារ (Labor Productivity) ដែលមានភាពផ្សារភ្ជាប់នឹងបរិយាកាសអាជីវកម្ម ផងដែរ។ ក្នុងន័យនេះ កម្ពុជាត្រូវផ្តោតលើកិច្ចការកែទម្រង់សំខាន់ចំនួន ៥ រួមមាន ការបន្តកែទម្រង់វិស័យអប់រំ ការពង្រីកការអភិវឌ្ឍជំនាញ ការធ្វើសមាហរណកម្មកម្លាំងពលកម្មចំណាកស្រុកដែលត្រឡប់មកកម្ពុជាវិញ ការពង្រឹងប្រព័ន្ធគាំពារសង្គមនិងបរិយាបន្ន និងការកាត់បន្ថយ និងបន្សាំនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនកម្លាំងពលកម្មបៃតង (Green Workforce)។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានគូសបញ្ជាក់ថា ការជំរុញការបណ្តុះបណ្តាលជំនាញ និងការបង្កើតការងារ ទាមទារឱ្យមានការគិតគូរជាប្រព័ន្ធ ប្រកបដោយភាពប្រទាក់ក្រឡា ដោយម្ខាងផ្តោតលើផ្នែកផ្គត់ផ្គង់ (Supply Side) និងម្ខាងទៀតក៏ត្រូវពិនិត្យលើផ្នែកតម្រូវការ (Demand Side) ផងដែរ។ ទន្ទឹមនេះ ការបន្តកែទម្រង់ស្ថាប័នជាផ្នែកដ៏សំខាន់ ដែលចាំបាច់ត្រូវមានការរៀបចំក្របខ័ណ្ឌអនុវត្តឱ្យបានច្បាស់លាស់ ជាពិសេសគឺការអនុវត្តជាក់ស្តែង ដោយផ្តោតលើការធ្វើឱ្យមានការផ្លាស់ប្តូរនូវវប្បធម៌របស់ស្ថាប័ន (Institutional Culture) បញ្ហាធនធាន (មនុស្ស ហិរញ្ញវត្ថុ និងបច្ចេកវិទ្យា) គណនេយ្យភាព និងការធ្វើទំនាក់ទំនងជាប្រចាំ (Constant Communication) រវាងថ្នាក់ដឹកនាំ និងអ្នកអនុវត្តការងារ។
ជាចុងបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីប្រចាំការ បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវ និងចែករំលែកនូវព័ត៌មាន បទពិសោធ និងឧត្ដមានុវត្ដន៍
សំខាន់ៗ ព្រមទាំងបានផ្តល់ការណែនាំដល់ក្រុមការងារតម្រង់ទិស ឱ្យបន្តសហការជាមួយក្រុមការងារនៃធនាគារពិភពលោក ធ្វើការសិក្សាលើប្រធានបទទាំងនេះឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត និងកំណត់នូវទិសដៅ ការងារអាទិភាព សម្រាប់ជាប្រយោជន៍ដល់ការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។



