ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត កាន់បិណ្ឌវេនទី១៤ នៅវត្តរតនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ ព្រមទាំងក្រុមការងារស្រុកមុខកំពូល បានអញ្ជើញចូលរួមជាមួយព្រះសង្ឃគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ប្រារព្ធពិធីសូត្រមន្តកាន់បិណ្ឌវេនទី១៤ ដោយចូលរួមនមស្ការព្រះរតនត្រ័យ សមាទានសីល និងស្តាប់ព្រះសង្ឃចម្រើនព្រះបរិត្ត ទេសនា នៅឧបដ្ឋានសាលា នៅវត្តរតនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ស្ថិតក្នុងឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
លុះវេលាព្រឹកឡើងត្រូវនឹងថ្ងៃអាទិត្យ ទី២១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ព្រមទាំងក្រុមការងារស្រុកមុខកំពូល  រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត និងពុទ្ធបរិស័ទជិតឆ្ងាយ បានរៀបចំប្រគេនយាគូ និងប្រារព្ធកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា ហើយ រាប់បាត្រ វេរភត្តាហារប្រគេនព្រះសង្ឃ ដារឆ្លងជាកិច្ចបញ្ចប់កម្មវិធីបុណ្យកាន់បិណ្ឌវេនទី១៤ ប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា សោមនស្សរីករាយ ពោពេញដោយក្តី សប្បុរសដ៏ជ្រាលជ្រៅបំផុត រួមចំណែកលើកតម្កើងប្រពៃណីជាតិខ្មែរឱ្យបានរុងរឿងអស់កាលជាអង្វែងតទៅ ។
ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត និងលោកជំទាវ ក្រុមគ្រួសារ ព្រមទាំងក្រុមការងារស្រុកមុខកំពូល រួមជាមួយក្រុមពុទ្ធបរស័ទទាំងអស់ក៏បានប្រារព្ធពិធីបង្សុកូលឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយរួមមាន : មាតាបិតា ជីដូនជីតា និងញាតកាទាំង៧សន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់លោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងយុទ្ធជន ប្រជាជនអ្នកស្នេហាជាតិមាតុភូមិទាំងអស់ ជាពិសេសវីរៈកងទ័ពពលីលើសមរភូមិក្នុងពេលបំពេញបេសកកម្មការពារបូរណភាពទឹកដី នាពេលថ្មីៗកន្លងទៅនេះ សូមអនុមោទនាទទួលយកនូវកុសលផលបុណ្យទាំងឡាយនេះ និងសូមលោកអ្នកដ៏មានឧបការគុណទាំងនោះ បានរួចផុតពីទុក្ខទោសទាំងឡាយទាំងពួង និងសូមឱ្យបានទៅសោយសុខក្នុងសុគតិភពជាទីបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕ សូមអនុមោទនា!