ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ចែករំលែកដល់សិស្សមន្ត្រីសាលាភូមិន្ទរដ្ឋបាលជិត ១០០០នាក់

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ធ្វើបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១៣ សិស្សមន្ត្រីក្រមការជំនាន់ទី១១ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ និងកម្មសិក្សាការី មន្ត្រីមធ្យម ឆ្នាំ២០២៥ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៩៧៨អង្គ/នាក់ ដែលក្នុងនោះ អ្នកចូលរួមដោយផ្ទាល់ នៅក្នុងសហសាល មានចំនួន ២៤២ អង្គ/នាក់ និងពីចម្ងាយតាមរយៈប្រព័ន្ធ Microsoft Teams មានចំនួន ៧៣៦ អង្គ/នាក់ ។

ក្នុងនាមឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល, ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានបង្ហាញនូវក្តីសោមនស្សរីករាយ និងថ្លែងអរគុណចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ដែលបានទទួលការអញ្ជើញចូលរួមជាអធិបតីនិងជាវាគ្មិនកិត្តិយសក្នុងកម្មវិធីបាឋកថាស្តីពី «សភាពការណ៍អន្តរជាតិ និងនយោបាយការបរទេសរបស់កម្ពុជា» ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សិស្សមន្ត្រីនៃសាលាភូមិន្ទរដ្ឋបាល។

ឯកឧត្តម យក់ ប៊ុនណា បានបន្ថែមថា ក្នុងក្របខ័ណ្ឌនៃការបណ្តុះបណ្តាលរបស់សាលាភូមិន្ទរដ្ឋបាល កម្មវិធីបាឋកថាត្រូវបានចាត់ទុកថាជាវេទិកាដ៏សំខាន់មិនអាចខ្វះបានដើម្បីពង្រឹងសមត្ថភាពសិស្សមន្ត្រី កម្មសិក្សាការី និងសិក្ខាកាម។ តាមរយៈវេទិកានេះថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញជាន់ខ្ពស់ទាំងឡាយអាចផ្តល់នូវការចែករំលែកចំណេះដឹងនិងបទពិសោធន៍ពាក់ព័ន្ធនឹងចក្ខុវិស័យ ទស្សនាទាន ឧត្តមានុវត្តលើការដឹកនាំ និងការគ្រប់គ្រងលើវិស័យសាធារណៈការលើកកម្ពស់គុណធម៌ជាមន្ត្រី ភាពជាគំរូក្នុងការដឹកនាំ និងការបំពេញការងារការងារ កែទម្រង់ និងការអនុវត្តគោលនយោបាយទាំងឡាយរបស់របស់ក្រសួង ស្ថាប័ន។

ក្នុងកម្មវិធីបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៥ សាលាភូមិន្ទរដ្ឋបាលគ្រោងរៀបចំបាឋកថាចំនួន៦ ដែលបាឋកថានាព្រឹកនេះគឺជាកម្មវិធីលើកទី២។ ការរៀបចំកម្មវិធីបាឋកថាលើកទី២នេះ មានគោលបំណងសំខាន់ៗចំនួន២៖ ទី១ ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យ និងទទួលការណែនាំ ពីលោកឧបនាយករដ្ឋមន្ត្រី ដោយផ្ទាល់ និងទី២ ជាឱកាសដ៏មានតម្លៃសម្រាប់សិស្សមន្ត្រី និងកម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹងស្តីពីគោលនយោបាយការបរទេសរបស់កម្ពុជាពីលោកឧបនាយករដ្ឋមន្ត្រី ផងដែរ។

ថ្លែងនៅក្នុងបាឋកថានេះដែរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហាញពីសមិទ្ធផលការងារកាទូតកម្ពុជាក្នុងឆ្នាំ២០២៤ និងបានសបញ្ជាក់យ៉ាងច្បាស់ពីឆន្ទៈ និងភាពបុរេសកម្មនៃការអនុវត្តគោលនយោបាយការបរទេស ក្នុងការឆ្លើយតបទៅស្ថានការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទាំងព្រឹទ្ធសភា រដ្ឋសភា ទាំងរាជរដ្ឋាភិបាលដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាសេនាធិការ បានរួមដៃគ្នាក្នុងការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងផលប្រយោជន៍ជាតិ ក៏ដូចជាការរក្សាឱ្យបានដាច់ខាតនូវសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម ប្រឆាំងនឹងរាល់ការប៉ុនប៉ងរបស់កម្លាំងអមិត្តទាំងឡាយក្នុងការផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ជាពិសេសក្រោមរូបភាពបដិវត្តន៍ពណ៌។ រាជរដ្ឋាភិបាលបានបន្តពង្រឹង ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាមិត្តទាំងអស់ ព្រមទាំងបង្កើនតួនាទីរបស់ខ្លួនក្នុងការរួមចំណែកដល់ការថែរក្សា សន្តិភាព និង សន្តិសុខអន្តរជាតិ។

នាឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីការអនុវត្តយុទ្ធសាស្ត្រការទូត និងសេដ្ឋកិច្ចរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្រោយចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី២ ដែលបានធ្វើឱ្យសណ្តាប់ធ្នាប់អន្តរជាតិ កាន់តែស្មុគស្មាញ ច្របូលច្របល់ និងមានការរង្គោះរង្កើរកាន់តែខ្លាំង ក្នុងនោះលោកក៏បានលើកឡើងពាក់ព័ន្ធនឹងបញ្ហាពន្ធគយ ដែលអាមេរិក បានដាក់ទៅលើបណ្តាប្រទេសផ្សេងៗ។ លោកក៏បានឡើងផងដែរពីបញ្ហាជម្លោះផ្សេងៗដែលបានកើតមានឡើងនៅជុំវិញពិភពលោកផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានលើកឡើងពីបញ្ហាសន្តិសុខមិនប្រពៃណីជាច្រើនដូចជា៖ ការប្រែប្រួលអាកាសធាតុ ឧក្រិដ្ឋកម្មឆ្លងដែន ជំងឺរាតត្បាត បច្ច័យអវិជ្ជមានពីបច្ចេកវិទ្យាទំនើប បញ្ហាសន្តិសុខថាមពល អស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ជាដើម៕