ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំដើម្បីអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ

ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារសិក្សា និងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ណេប សាមុត រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារ, ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ, ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិកក្រុមការងារ តំណាងអាជ្ញាធរជាតិសំបូរព្រៃគុក តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត។
គម្រោងនេះ មានគោលបំណងអភិវឌ្ឍប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ជាតំបន់ទេសចរណ៍គំរូ និងជាគោលដៅទេសចរណ៍ដ៏លេចធ្លោសម្រាប់ខេត្តកំពង់ធំ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យចូលទស្សនាកម្សាន្តនៅគោលដៅអន្តរខេត្តនេះមុននឹងទៅដល់ខេត្តជុំវិញ និងជាគំរូនៃការអភិវឌ្ឍមូលដ្ឋានផ្អែកលើទេសចរណ៍ផ្សារភ្ជាប់ជាមួយការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន ធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែប្រសើរ និងរួមចំណែកដល់ការអភិរក្សធនធានវប្បធម៌និងបេតិកភណ្ឌតាមរយៈវិស័យទេសចរណ៍ ព្រមទាំងមានគោលដៅចម្បងចំនួន៦ រួមមាន ១.ការអភិវឌ្ឍផលិតផល និងគោលដៅទេសចរណ៍អាទិភាពក្នុងប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ២.ការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ៣.ការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ៤.ការពង្រឹងគុណភាព និងនិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍ ៥.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ និង ៦.ការរៀបចំជាយន្តការអនុវត្តដោយផ្អែកលើអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារដែលបានសិក្សារៀបចំ ព្រមទាំងបានណែនាំដល់ក្រុមការងារក្នុងការរៀបចំគម្រោងខាងលើ ដោយផ្ដោតសំខាន់លើ ផលិតផលទេសចរណ៍ ធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ថែមទាំងត្រូវគិតគូរពីការវិនិយោគរកប្រាក់ចំណូល(Commercial)ដើម្បីបែងចែកផលដែលទទួលបានដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងគោលដៅធានានូវបរិយាបន្ន និងចីរភាពនៃការអភិវឌ្ឍន៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានផ្តល់នូវអនុសាសន៍ជាទស្សនទាននៃការកែសម្រួលឡើងវិញដោយផ្ដោតលើចំណុចស្នូលគឺ ប្រាសាទសំបូរព្រៃគុក រីឯផែនការរៀបចំតំបន់ជុំវិញត្រូវគិតគូរអាទិភាពចំណុចដែលហុចផលរហ័ស និងប្រើប្រាស់ថវិកាតិច ហើយអាទិភាពបន្ទាប់ដែលជាផែនការរយៈពេលវែងដែលត្រូវសិក្សាឱ្យបានលម្អិត ព្រមទាំងរកដៃគូនិងវិស័យឯកជនចូលរួមវិនិយោគផងដែរ។ ជាមួយគ្នានេះ ក្រុមការងារសិក្សានិងអនុវត្តគម្រោងលើកកម្ពស់ភាពទាក់ទាញទេសចរណ៍តំបន់ប្រាសាទសំបូរព្រៃគុក និងតំបន់ជុំវិញ ត្រូវគិតគូរកែសម្រួល Brand Name ឬ Motto ដែលមានលក្ខណៈពិសេសនិងសមស្របសម្រាប់យុទ្ធនាការផ្សព្វផ្សាយ, មាតិកា(Content), យន្តការផ្សព្វផ្សាយ ព្រមទាំងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំគម្រោងអភិវឌ្ឍជំនាញទេសចរណ៍ទៅតាមកម្រិត ជាពិសេសការបណ្តុះបណ្ដាលជំនាញបដិសណ្ឋារកិច្ច និងម្ហូបអាហារ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានផ្ដល់នូវការណែនាំដល់រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវស្នើសុំកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីកសាងមូលដ្ឋាននៃភាពទាក់ទាញទេសចរណ៍ដោយផ្ដោតសំខាន់ជារួមលើ ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី និង អ៊ិនធឺណិត ដែលជាតម្រូវការចាំបាច់របស់ភ្ញៀវទេសចរណ៍មិនថាភ្ញៀវជាតិ ឬអន្តរជាតិ។ ទន្ទឹមនេះ ក៏ត្រូវគិតគូររៀបចំមជ្ឈមណ្ឌលព័ត៌មាន(Information Center) សម្រាប់បង្ហាញវីដេអូពីប្រវត្តិសំខាន់ៗទាក់ទងនឹងប្រវត្តិសាស្ត្រចេនឡានិងប្រាសាទ ក៏ដូចជាតំបន់ជុំវិញ ជូនភ្ញៀវទេសចរមុននឹងចូលទស្សនាប្រាសាទ និងរៀបចំកន្លែងចំណត និងសេវាផ្សេងៗទៀតឱ្យបានល្អប្រសើរបន្ថែមទៀត។
ក្នុងឱកាសនៃកិច្ចប្រជុំនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងារពីការរៀបចំយន្តការប្រតិបត្តិដើម្បីអនុវត្តគម្រោងខាងលើ និងការរៀបចំនូវវិធានការគន្លឹះជាចង្កោមមុនក្រោយនិងផែនការសកម្មភាព ដើម្បីឱ្យទទួលបានលទ្ធផលជាក់ស្ដែង។