ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ“
ទីស្តីការក្រសួងមហាផ្ទៃ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា ប្រធានកិត្តិយសក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ“។ ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ឯកឧត្តមសន្តិបណ្ឌិត លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង លោក លោកស្រី ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធានក្រុមការងារយេនឌ័រ តាមបណ្ដាអង្គភាព អភិបាលរង រាជធានី-ខេត្ត ព្រមទាំងលោក លោកស្រី មន្ត្រីរាជការសុីវិល កងកម្លាំងនគរបាលជាតិ មន្រ្តីពន្ធនាគារ ជាស្រ្តីជាច្រើនរូបទៀតផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ អុង សុភាវី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានមានមតិស្វាគមន៍ដល់គណៈអធិបតី និងបានអានរបាយការណ៍សង្ខេបបូកសរុបលទ្ធផលការងារបញ្ច្រាបយេនឌ័រឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមការងារយេនឌ័រក្រសួងមហាផ្ទៃ។ ជាមួយគ្នានោះ ក៏បានអានព្រះរាជសារ របស់ សម្ដេចព្រះមហាក្សត្រ នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ក្នុងពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ និងបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានកំណត់យកនៅប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ ក្រោមការសម្របសម្រួលរបស់ក្រសួងកិច្ចការនារី ដែល ប្រធានបទនេះមានភាពប្រទាក់ក្រឡាគ្នាជាមួយនិងប្រធានបទសកលក៏ដូចជាប្រទេសកម្ពុជាផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានបន្តថា
បើគ្មានសុខសន្តិភាព គឺគ្មានអ្វីគ្រប់យ៉ាងដូចសព្វថ្ងៃនោះទេ។ ការពិតណាស់សន្តិភាព សន្តិសុខសម្រាប់ស្រ្តី អាចកើតចេញឡើងក្នុងសង្គមមួយ ដែលទាមទារឱ្យមានការយល់ចិត្តគ្នាតាមរយៈការសន្ទនា ជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅដោយសុខដុមរមនា សន្ទរភាព សន្តិភាពក្នុងក្រុមគ្រួសារ ស្ថាប័ន សហគមន៍ ក៏ដូចជាសង្គមជាតិរបស់យើង។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានគាំទ្រចំពោះទិសដៅដែលត្រូវអនុវត្តបន្ត របស់ក្រុមកាងារយេនឌ័រក្រសួងមហាផ្ទៃ ព្រមទាំងបានលើទឹកចិត្តដល់ក្រុមការងារយេនឌ័រក្នុងការបំពេញតួនាទីជាសេនាធិការជូនដល់ក្រសួងមហាផ្ទៃប្រកបដោយស្មារតី បូរេសកម្ម និងការទទួលខុសខ្ពស់ ឱ្យបានភាពជោគជ័យថ្មី បន្ថែមទៀតជូនជាតិ និងរាជរដ្ឋាភិបាល។

ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ


