ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតថ្មីកូរ៉េ សម្លឹងឃើញភាពចាំបាច់នៃការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងផ្លាស់ប្តូរទស្សនកិច្ច!
ភាពចាំបាច់នៃការបន្តបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងចំណេះជំនាញកម្លាំងអនុវត្តច្បាប់ និងការផ្លាស់ប្តូរទស្សនកិច្ចដើម្បីដកបទពិសោធន៍លើការងារស្រាវជ្រាវ ស៊ើបអង្កេត កោសល្យវិច្ច័យទីតាំងបទល្មើស និងជំនាញថ្មីៗ បម្រើដល់ការងារនគរបាលជំនាញកម្ពុជា និងកូរ៉េ ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គូសបញ្ជាក់ក្នុងឱកាសទទួលជួបឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦នេះ។
ឈរលើកគោលការណ៍ផ្ដល់តម្លៃខ្ពស់ដល់កិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ កម្ពុជា-កូរ៉េ ឯកឧត្តម KIM Chang Yong បានជម្រាបឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ថា ភាគីកូរ៉េ នឹងបន្តបង្កើនកិច្ចសហការដ៏ល្អនេះ និងត្រៀមជួយគាំទ្រដល់ភាគីកម្ពុជា គ្រប់បែបយ៉ាង ជាពិសេសការងារបណ្តុះបណ្តាលចែករំលែកបទពិសោធ និងឯកភាពទទួលរៀបចំទស្សនកិច្ច នាពេលខាងមុខ ជូនថ្នាក់ដឹកនាំ និងអង្គភាពជំនាញកម្ពុជា ដើម្បីដកពិសោធន៍ការងារសន្តិសុខ និងនគរបាល។
រំលឹកដល់បទពិសោធ កិច្ចសហប្រតិបត្តិការកន្លងមក ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការល្អរវាងកងកម្លាំងអនុវត្តច្បាប់ កម្ពុជា-កូរ៉េ ដែលតែងតែផ្ដល់ការគាំទ្រគ្នាទៅវិញទៅមកលើការងារសន្តិសុខ ពិសេសក្រោយការបង្កើតក្រុមការងារចម្រុះ កម្ពុជា-កូរ៉េ កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ សម្រេចបានលទ្ធផលជាច្រើន ក្នុងការងារបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមអភិសនិ្តបណ្ឌិត ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ផ្តល់កិច្ចសហការជិតស្និទ្ធ និងផ្លាស់ប្តូរបទពិសោធល្អៗ សំដៅពង្រឹងសមត្ថភាពកងកម្លាំងសមត្ថកិច្ច ដើម្បីរួមចំណែកក្នុងការក្នុងបុព្វហេតុនៃការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមសម្រាប់ប្រទេសទាំងពីរ និងតំបន់។
ជាការឆ្លើយតប ឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតកូរ៉េ បានថ្លែងអំណរគុណ ឯកឧត្ដមអភិសន្តិបណ្ឌិត ចំពោះការជួយសម្របសម្រួលការងារ កិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងជិតស្និទ្ធរវាងក្រសួងទាំងពីរ បង្កលក្ខណៈអំណោយផលដល់ការបំពេញបេសកកម្មពង្រឹងការអនុវត្តច្បាប់ សំដៅរួមចំណែកអនុវត្តសម្រេចបានដោយជោគជ័យនូវគម្រោង និងផែនការសហប្រតិបត្តិការ ដែលស្ថាប័នទាំងពីរ បានផ្តួចផ្តើមនាពេលកន្លងមក ពិសេសការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ សម្រាប់ពលរដ្ឋកូរ៉េ សម្រេចបានលទ្ធផលលើស ការរំពឹងទុក៕



