ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ជំរុញការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី និងពិព័រណ៍ផលិតផលកាន់តែអស្ចារ្យ សម្រាប់ឆ្នាំ២០២៦
ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើផែនការរៀបចំព្រឹត្តិការណ៍ប្រគំតន្ត្រី ពិព័រណ៍ផលិតផល និងកម្មវិធីកម្សាន្តនានាសម្រាប់ឆ្នាំ២០២៦ ដើម្បីប្រែក្លាយខេត្តតំបន់ឆ្នេរមួយនេះឱ្យកាន់តែមានភាពរស់រវើក និងទាក់ទាញបំផុត។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត រួមជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្ត អភិបាលក្រុង ប្រធានមន្ទីរអង្គពាក់ព័ន្ធ និងកងកម្លាំងសមត្ថកិច្ចផងដែរ ។
គោលបំណងចម្បងនៃផែនការសកម្មភាពឆ្នាំ២០២៦ គឺផ្តោតលើការរៀបចំព្រឹត្តិការណ៍ធំៗឱ្យមានភាពសម្បូរបែប និងប្លែកភ្នែក ដើម្បី ទាក់ទាញភ្ញៀវទេសចរ បង្កើនភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យមកសម្រាកកម្សាន្តកាន់តែច្រើន និងលើកកម្ពស់អាជីវកម្មក្នុងស្រុក បង្កើតឱកាសមាសសម្រាប់អាជីវករ និងសហគ្រាសក្នុងស្រុក ក្នុងការដាក់បង្ហាញ និងលក់ផលិតផលតាមរយៈពិព័រណ៍នានា ព្រមទាំងបង្ហាញពីភាពស្រស់ស្អាត និងភាពរីកចម្រើននៃតំបន់សេដ្ឋកិច្ចគំរូពហុបំណង។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ បានណែនាំដល់មន្ទីរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធលើបរិស្ថាន និងអនាម័យ ធានាឱ្យបាននូវសោភ័ណភាព និងភាពស្អាតជានិច្ចនៅតាមទីតាំងប្រារព្ធពិធី និងរៀបចំផែនការរំដោះចរាចរណ៍ឱ្យបានហ្មត់ចត់ ដើម្បីជៀសវាងការកកស្ទះសម្រាប់អ្នកដំណើរ។
ធានាសុវត្ថិភាព និងសន្តិសុខសង្គមជូនប្រជាពលរដ្ឋ និងទេសចរឱ្យបាន ១០០% ក្នុងគ្រប់ព្រឹត្តិការណ៍ទាំងអស់។
ការរៀបចំព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ក្នុងឆ្នាំ២០២៦នេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាគោលដៅ ទេសចរណ៍ដ៏រស់រវើកបំផុតនៅក្នុងតំបន់។
អត្ថបទ និងរូបភាព ៖ ផូង ថៃ



