ឯកឧត្តមអនុរដ្ឋលេខាធិការ គី ច័ន្ទរំដួល អញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុន Agro King Trading Co.,Ltd. មកទិញពោតក្រហម នៅក្នុងខេត្តត្បូងឃ្មុំ

នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានសម្របសម្រួលក្រុមហ៊ុន Agro King Trading Co.ltd in Cambodia ជួបពិភាក្សាអំពីផែនការទិញ-លក់ពោតក្រហមជាមួយសហគមន៍កសិកម្មជីរោទិ៍រុងរឿង នៅឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនេះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ បានឱ្យដឹងថា ជាជំហានដំបូងក្រុមហ៊ុន Agro King Trading Co.ltd បានបញ្ជាទិញគ្រាប់ពោតក្រហមទាំងអស់ដែលសល់ក្នុងស្តុក ចំនួន ២៥០តោន និងត្រៀមរៀបចំចុះកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់ នារដូវប្រមូលផល រដូវក្រោយ នាខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។
ជាចុងបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ សម្របសម្រួលរៀបចំកិច្ចសន្យាផលិតកម្មកសិកម្មទិញ-លក់រវាងក្រុមហ៊ុន និងសហគមន៍កសិកម្ម។
បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារ បន្តចុះពិនិត្យទីតាំងទិញលក់ពោតក្រហម (សៃឡូ) របស់លោក ភិន ភិរិន នៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងចុះពិនិត្យដល់កំពង់ផែស្វយ័តភ្នំពេញ សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕