ឯកឧត្តម​អគ្គ​​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»

នាព្រឹកថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម​អគ្គ​​បណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ​កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) បានដឹកនាំកិច្ច–ប្រជុំ​ គ.ស.ហ. ដើម្បី​ពិនិត្យ និងពិភាក្សាលើ «សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»​​​​ ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​​ពី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី, ឯកឧត្តមទេសរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋមន្រ្តី, និងឯកឧត្តម–លោកជំទាវ ជាថ្នាក់ដឹកនាំ អមដោយមន្រ្តីជំនាញ​​​ពីក្រសួង-​ស្ថាប័ន​ពាក់​ព័ន្ធ​ ។  

«សេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ»​​​​ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ​​​​ឬហៅកាត់ថា «ផ.យ.អ.ជ»ត្រូវបានរៀបចំឡើងបន្តពីផែនការយុទ្ធ​សាស្រ្តអភិវឌ្ឍជាតិ ២០១៩–២០២៣ ដើម្បីអនុវត្តក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

«ផ.យ.អ.ជ.» ដែលមានឋានានុក្រមទី ៣ បន្ទាប់ពី កម្មវិធីនយោបាយ និង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១, បំប្លែងការតម្រង់ទិសគោលនយោបាយយុទ្ធសាស្ត្រធំៗ ដែលមានចែងនៅក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ឱ្យក្លាយទៅជាសកម្មភាពដែលអាចអនុវត្តបាន និងមានចរិតជាការកែទម្រង់ស៊ីជម្រៅ ។«ផ.យ.អ.ជ» ដាក់ចេញនូវសកម្មភាព និងកម្មវិធីអាទិភាពទាំងឡាយជាលក្ខណៈវិស័យ និងអន្តរវិស័យ ដែលជាមគ្គុទេសក៍ជាយុទ្ធសាស្រ្ត ដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្ររបស់ខ្លួន ។ «ផ.យ.អ.ជ» ផ្តល់នូវក្របខ័ណ្ឌរួមមួយសម្រាប់ការធ្វើអាទិភាវូបនីយកម្ម និងការកៀរគរធនធនក្នុងប្រទេស និងក្រៅប្រទេស ដើម្បីធ្វើហិរញ្ញប្បទានដល់ការអនុវត្តសកម្មភាព, កម្មវិធី,និងគម្រោងនានា ដោយបន្ស៊ីការប្រើប្រាស់ធនធានជាមួយនឹងអាទិភាពជាតិ, កំណត់នូវយន្តការតាមដានត្រួតពិនិត្យវឌ្ឍនភាព ធៀបនឹងសូចនាករ និងចំណុចដៅ ដែលជាមូលដ្ឋានសម្រាប់ការកែតម្រូវអាទិភាព និងការបែងចែកធនធាន ដោយផ្អែកលើភស្តុតាង និងសម្រាប់ការលើកកម្ពស់គណនេយ្យភាព, និងគិតគូរដាក់បញ្ចូលការចូលរួមរបស់កម្ពុជា ក្នុងការអនុវត្តបណ្ដារបៀបវារៈអភិវឌ្ឍសកល ។

អង្គប្រជុំ បានពិនិត្យ និងពិភាក្សា លើសេចក្តីព្រាង «ផ.យ.អ.ជ»ដែល​សម្រប​សម្រួល​រៀបចំ​ឡើងដោយក្រសួងផែនការ​​ និងបានដាក់​ឆ្លងកិច្ចប្រជុំ​ពិភាក្សាជាច្រើនលើកជាមួយ​​ក្រសួង-​ស្ថាប័នពាក់ព័ន្ធ, ដៃគូ​អភិឌ្ឍន៍ និង អង្គការក្រៅរដ្ឋាភិបាល​​ ដើម្បី​ប្រមូល​ធាតុ​ចូល ។ ជារួម, អង្គប្រជុំ​បានវាយ​តម្លៃខ្ពស់​អំពី​សារៈ​សំខាន់​នៃ​យុទ្ធ​សាស្រ្ត​នេះ ព្រមទាំង​​បាន​​ពិភាក្សា​ស៊ី​ជម្រៅ​បន្ថែមទៀតទៅ​លើ​​ខ្លឹមសារតាមផ្នែក​នីមួយៗ, ភាពប្រទាក់ក្រឡា និងសង្គតិភាព​ជាមួយឯកសារ​គោល​​របស់រាជ​រដ្ឋា​ភិ​បាល, ផ្ទៀង–​ផ្ទាត់​តួ​លេ​ខ និងផ្តល់យោបល់លើសូចនាករសំខាន់ៗ ដើម្បី​ជា​ធាតុចូលសម្រាប់​ធ្វើ​ការកែលម្អ​សេចក្តី​ព្រាងយុទ្ធសាស្រ្តនេះ មុននឹងស្នើសុំការអនុម័តពីប្រមុខរាជរដ្ឋាភិបាលនាពេលខាងមុខដ៏ខ្លី ។

ចុងក្រោយ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី ប្រធានអង្គប្រជុំ ក៏បាន​ថ្លែង​អំណរគុណដល់ក្រសួង–ស្ថាប័នពាក់ព័ន្ធ ដែលបានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រសួងផែនការ ក្នុងការរៀប​ចំ «សេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ» និងបានចូល រួមកិច្ចប្រជុំ​ពិភាក្សា​នាពេល​នេះ ដោយបានខិតខំពិនិត្យ និងពិភាក្សាយ៉ាង​យកចិត្ត​ទុក–​ដាក់ និងផ្តល់ ធាតុចូលគ្រប់ផ្នែកទាំងអស់នៃឯកសារឱ្យកាន់តែមាន​លក្ខណៈ​​ពេញ​លេញ និងគ្រប់ជ្រុងជ្រោយ ។