ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការ-គួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា

នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភា-ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតទទួលជួបសម្ដែងការ-គួរសម និងពិភាក្សាការងារជាមួយលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) តំណាងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានសម្ដែងនូវការអបអរសាទរ ចំពោះលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia)ដែលបានចូលកាន់តំណែងជាតំណាង UNDP ប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីពេលថ្មីៗនេះ និងបានត្រឡប់មកបំពេញការងារជាថ្មីម្តងទៀតនៅកម្ពុជា ។UNDP ជាដៃគូយុទ្ធសាស្រ្តសំខាន់មួយរបស់កម្ពុជា ដែលបានរួមចំណែកក្នុងការអភិវឌ្ឍវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេស តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងការកសាងសមត្ថភាពស្ថាប័ន លើការរៀបចំក្របខ័ណ្ឌគោលនយោបាយ, ការសម្របសម្រួលការអនុវត្តគោលនយោបាយ, ការរៀបចំយន្តការតាមដាននិងត្រួតពិនិត្យ, និង ការងារកំណែទម្រង់ថ្មីៗ ដូចជា ការធ្វើពិពិធកម្មប្រភពហិរញ្ញប្បទាន, ការអភិវឌ្ឍមូលបត្ររដ្ឋ, ការកៀរគរហិរញ្ញវត្ថុបៃតង, ការរៀបចំក្របខ័ណ្ឌគោលនយោបាយហិរញ្ញប្បទានជាតិ, និងការគាំពារសង្គម ជាដើម ។

លោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្ដៅ របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ព្រមទាំងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និង UNDP កន្លងមក និងបានគូសរំលេចថា, ក្រោមអាណតិ្តបេសកកម្មថ្មីនេះ, UNDP នឹងផ្ដល់អាទិភាពលើកិច្ចការសំខាន់មួយចំនួន ដូចជា ការរៀបចំក្របខ័ណ្ឌហិរញ្ញប្បទានជាតិ ដើម្បីឆ្លើយតបនឹងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (Sustainable Development Goals) និងការសម្រេចនូវផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុរបស់កម្ពុជាដំណាក់កាលទី៣ (Cambodia’s Nationally Determined Contributions 3.0), ការជំរុញការកៀរគរហិរញ្ញប្បទាន ជាពិសេស ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានអាកាសធាតុ, ការគាំទ្រដល់កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ, កិច្ចគាំពារសង្គមដើម្បីចាកចេញពីភាពក្រីក្រ (Graduation- Based Social Protection), ការវាយតម្លៃវិស័យសេដ្ឋកិច្ចឌីជីថល, និង Strategic Foresight Roadmap របស់ UNDP សម្រាប់កម្ពុជា ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានស្នើឲ្យ UNDP បន្តចូលរួមចំណែកគាំទ្រកម្ពុជាលើការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកៀរគរហិរញ្ញប្បទានបន្ថែមឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជា គាំទ្រកម្ពុជាក្នុងការរៀបចំយុទ្ធសាស្រ្តសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច (Least Developed Countries) ផងដែរ ។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ UNDP ជាមួយកម្ពុជា ព្រមទាំងបានជូនពរឱ្យលោក អេនរីកូ ហ្គាវេលីយ៉ា (Enrico Gaveglia) និងសហការីបំពេញអាណត្តិបេសកកម្មនៅកម្ពុជាប្រកបដោយជោគជ័យ ។