ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួប ជាមួយ ឯកឧត្តម Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជានា

ព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម  Sonexay VANNAXAY ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

ជាមួយនឹងការសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ កម្ពុជា-ឡាវ កន្លងមក ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវអំពីសមិទ្ធិផលនៃកម្មវីធីកំណែទម្រង់ និងវិធានការនានាដែលកម្ពុជា បានដាក់ឲ្យអនុវត្ត និងសម្រេចកន្លងមក ដើម្បីធានាបាននូវស្ថេភាពម៉ាក្រូសេដ្ឋកិច្ច អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាពលរដ្ឋ ដូចជា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ: ដែលបច្ចុប្បន្ននេះស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃថវិកាទាំងក្នុងផ្នែកវិភាជន៍ ទាំងក្នុងផ្នែកប្រតិបត្តិការ និងស័ក្តិសិទ្ធភាពនៃការផ្តល់សេវាសាធារណ: ផងដែរ ។ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី, ជាក់ស្តែង, រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក៏បានសម្រេចនូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា, រដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយឡាវ ក៏បានចុះអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ និងការជួយគ្នាទៅវិញទៅមកក្នុងការងារគយ ដើម្បីជំរុញរំហូរទំនិញដោយសេរីរវាងប្រទេសទាំងពីរ ជាដើម ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជួបសម្តែងការគួរសម និងសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ឆ្នាំនេះគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយគ្នា ប្រទេសទាំងពីរ បានត្រៀមរៀបចំប្រារព្ធពិធីអបអរសាទរទាំងនៅរាជធានីភ្នំពេញ និងនៅទីក្រុងវៀងចន្ទន៍ ។ ចំណងមិត្តភាពយូរអង្វែងនេះ បានប្រែក្លាយពីទំនាក់ទំនងទ្វេភាគី មកជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាពិសេស ភាពជាអ្នកជិតខាងល្អ និងយូរអង្វែង ដែលបានធ្វើឱ្យប្រទេសទាំងពីរសម្រេចបាននូវលទ្ធផលជាផ្លែផ្កាក្នុងវិស័យជាច្រើនរួមមាន៖ ពាណិជ្ជកម្ម, វិនិយោគ, ថាមពល និងវិស័យហិរញ្ញវត្ថុ ជាដើម ។ ឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានផ្តល់ការគាំទ្រ និងជំនួយជាបន្តបន្ទាប់ដល់ប្រទេសឡាវ ជាពិសេស ក្នុងអំឡុងពេលដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ ២០២៤ និងក្នុងដំណាក់កាលនៃការរាតត្បាតជំងឺកូវីដ-១៩ កន្លងមក ។

ភាគីទាំងពីរ កម្ពុជា-ឡាវ ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងកាន់តែសកម្មលើគ្រប់វិស័យ និងត្រៀមខ្លួនជានិច្ចក្នុងការឆ្លើយតបលើកិច្ចសហការទាំងឡាយ ដែលនឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្តូរលើគ្រប់វិស័យរវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរ ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី សូមទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងអាណត្តិការងារដ៏ឧត្តុង្គឧត្តមរបស់ ឯកឧត្តម នៅប្រទេសកម្ពុជា ៕