ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ ២០២៦-២០៣០ ជាផ្លូវការ”
នាព្រឹកថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៦, នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពស់ខ្ពស់ ក្នុងពិធី “ប្រកាសដាក់ឱ្យអនុវត្តគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ ២០២៦-២០៣០ ជាផ្លូវការ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម, លោកជំទាវ, ថ្នាក់ដឹកនាំជាន់ខ្ពស់, តំណាងដៃគូអភិវឌ្ឍ, និង ឯកឧត្តម, លោកជំទាវ, លោក លោកស្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុន សរុបប្រមាណ ៦៥០រូប ។
ពីធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវគម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ និង គម្រោងអ៊ីនត្រាណិតជំហានទី២ ដែលជាជំហានយុទ្ធសាស្ត្រសំខាន់បន្ទាប់ ក្នុងការបន្តជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ជាពិសេស ដើម្បីបង្ហាញពីសមិទ្ធផលធំៗដែលសម្រេចបាននៅក្នុងគម្រោងជំហានទី៣ (២០២១-២០២៥) រួមទាំងទិសដៅ និង ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាគន្លឹះសម្រាប់លើកកម្ពស់ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ។
ថ្លែងក្នុងពិធីនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសរំលេចថា ការអនុវត្តគម្រោង “ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)” ត្រូវបានចាត់ទុក ជាឆ្អឹងខ្នងដ៏ចាំបាច់ និង មិនអាចខ្វះបាន ដោយបានក្លាយជាត្រីវិស័យដ៏សំខាន់មួយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ដែលមានគោលដៅជាសារវ័ន្ត ក្នុងការ «កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមួយ ដែលមានប្រសិទ្ធភាព, ស័ក្ដិសិទ្ធិភាព, គណនេយ្យភាព និង តម្លាភាព ដែលផ្ដោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមអាទិភាពជាតិ ផង និង តាមឧត្តមានុវត្តន៍អន្តរជាតិ ផង » ។
គម្រោង FMIS ជំហានទី៤ គឺជាជំហានយុទ្ធសាស្ត្រដ៏សំខាន់ ដែលផ្តោតលើការកសាង “ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម” និង ការពង្រឹងការគ្រប់គ្រងថវិកាផ្អែកលើលទ្ធផល ។ គម្រោងនេះនឹងបន្តអភិវឌ្ឍប្រព័ន្ធឌីជីថល ដោយនឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុ និង លើកកម្ពស់សមត្ថភាពអ្នកប្រើប្រាស់ប្រព័ន្ធ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ដូចជា បញ្ញាសិប្បនិម្មិត (AI) និង ទិន្នន័យធំ (Big Data)។
សមិទ្ធផល និង វឌ្ឍនភាពសំខាន់ៗ នៃការអនុវត្តគម្រោង FMIS ក្នុងជំហានកន្លងមក បានកើតចេញពីការចាក់គ្រឹះដ៏រឹងមាំ តាំងពីការអនុវត្តនៅជំហានទី១ និង ជំហានទី២ គួបផ្សំនឹងការខិតខំប្រឹងប្រែង ស្របតាមការគិតគូរយ៉ាងម៉ឹងម៉ាត់ បានសម្រេចលទ្ធផលដ៏ធំធេងជាច្រើន ជាពិសេស ល្បឿននៃការទូទាត់ចំណាយថវិកាជាមធ្យមត្រូវបានដំណើរការរហ័សជាងមុនយ៉ាងខ្លាំង តាមរយៈការអនុវត្ត នីតិវិធីចំណាយថវិកាចរន្ត តាម FMIS ទាំងស្រុង ដែលកាន់តែធានាបាននូវតម្លភាព គណនេយ្យភាព ប្រសិទ្ធភាព និង អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋកាន់តែមានគុណភាព និង ឆាប់រហ័ស ។
សមិទ្ធផលទាំងនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជា កំពុងឈានទៅរកប្រព័ន្ធគ្រប់គ្រងថវិកាដែលមានស្តង់ដាអន្តរជាតិ និង មានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍជាតិយ៉ាងឆាប់រហ័ស និង ទាន់ពេលវេលា ។ លើសពីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក៏សម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់មួយទៀតដែលកំពុងគាំទ្រដល់ការប្រើប្រាស់ FMIS និង ការពង្រីកសេវាឌីជីថលនានារបស់ក្រសួង នោះគឺ បណ្តាញ “អ៊ីនត្រាណិតតេជោ ជំហានទី១” ដោយបានតភ្ជាប់ទៅ “១៧៧ ការដ្ឋាន” នៅទូទាំងប្រទេស ។ បណ្តាញបានក្លាយជាគ្រឹះហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏សំខាន់ សម្រាប់ការផ្តល់សេវាសាធាណៈ និង ការតភ្ជាប់ទិន្នន័យរដ្ឋាភិបាលដោយមានសុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ ។
ជាទីបញ្ចប់, ក្នុងឱកាសដ៏វិសេសវិសាល និង ឱឡារិកនេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានប្រកាសដាក់ឱ្យអនុវត្ត «គម្រោងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជំហានទី៤ ឆ្នាំ ២០២៦-២០៣០» និង «គម្រោងអ៊ីនត្រាណិតតេជោជំហានទី២» ជាផ្លូវការ ៕



