ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Carlos Felipe Jaramillo, អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក 

នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Carlos Felipe Jaramillo, អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងដំណើរបេសកកម្មរបស់ឯកឧត្តមនៅប្រទេសកម្ពុជា ។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលធនាគារពិភពលោកតែងតែគាំទ្រ និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា និងបញ្ហាប្រឈមសំខាន់ៗដែលកម្ពុជាកំពុងជួបប្រទះ ដែលជាឥទ្ធិពលអវិជ្ជមាននៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម, ផលប៉ះពាល់ពីភាពតានតឹងភូមិសាស្ត្រនយោបាយ, សង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ, និងការកើនឡើងតម្លៃប្រេងដោយសារសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ដែលបង្កជាផលប៉ះពាល់ទៅលើសេដ្ឋកិច្ចកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងផ្សារភ្ជាប់ខ្លាំងជាមួយខ្សែច្រវាក់ផលិតកម្មក្នុងតំបន់ និងពិភពលោក ។  ជាមួយគ្នានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកអំពីបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ចដើម្បីរក្សាកំណើនឱ្យមានចីរភាព និងការបង្កើតការងារក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានេះផងដែរ ។

ឯកឧត្តម Carlos Felipe Jaramillo បានជម្រាបជូនអំពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកក្នុងការបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់កម្ពុជាដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ តាមរយៈ ក្របខ័ណ្ឌថ្មីនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយធនាគារពិភពលោកឆ្នាំ២០២៥-២០២៩ (Country Partnership Framework – CPF 2025-2029) ដែលផ្តោតលើ៖ ១. ការអភិវឌ្ឍមូលធនមនុស្ស, ២. ការពង្រីកភាពប្រកួតប្រជែងសម្រាប់ការងារល្អប្រសើរ និង៣. ការពង្រឹងភាពធន់សម្រាប់ប្រជាជនងាយរងគ្រោះ ។ “ឯកសារ CPF 2025-2029” ត្រូវបានអនុម័តជាផ្លូវការពីក្រុមប្រឹក្សាភិបាលនាយកប្រតិបត្តិនៃធនាគារពិភពលោក ក្រោមកិច្ចសហការរៀបចំយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ព្រមទាំងបណ្តាភាគីពាក់ព័ន្ធដ៏ទៃទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងតម្រូវការជាអាទិភាពរបស់កម្ពុជា ។ បន្ថែមលើនេះ, ឯកឧត្តម ក៏បានជម្រាបអំពីក្របខ័ណ្ឌកញ្ចប់ថវិកា “International Development Association (IDA21)” ដោយធនាគារពិភពលោក នឹងបន្តការជួយគាំទ្រកម្ពុជាតាមរយៈការខិតខំប្រឹងប្រែងរក្សាទំហំហិរញ្ញប្បទានដែលមាន និងកៀរគរហិរញ្ញប្បទានពីប្រភពផ្សេងៗបន្ថែមទៀតផងដែរ ។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ផងដែរអំពីទិសដៅការងារក្នុងវិស័យអាទិភាព មានជាអាទិ៍៖ វិស័យអភិវឌ្ឍន៍ជំនាញ និងអប់រំ, វិស័យដឹកជញ្ជូន, និងវិស័យអាទិភាពផ្សេងៗទៀតដែលធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែង ផលិតភាព និងពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងដើម្បីអាចទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមពីតម្រូវការចាំបាច់ក្នុងការចាត់វិធានការឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាព តាមរយៈការបណ្តុះបណ្តាលជំនាញ ក៏ដូចជាធនធានហិរញ្ញវត្ថុសមស្រប (Access to finance) គាំទ្រដល់សហគ្រាសធុនតូច និងមធ្យម (SMEs) សហគ្រាសធុនមីក្រូ និងមធ្យម (MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ, បង្កើតសហគ្រាសក្នុងមូលដ្ឋាន ដែលបង្កលក្ខណៈឲ្យប្រជាពលរដ្ឋអាចបង្កើតការងារ និងមុខរបរអាជីវកម្មដោយខ្លួនឯង ដើម្បីស្រូបយកកម្លាំងពលកម្មយុវជន និងកម្លាំងពលកម្មដែលវិលត្រឡប់មកវិញពីប្រទេសថៃ ។

ឯកឧត្តម Carlos Felipe Jaramillo បានសម្តែងនូវការគាំទ្រចំពោះការដាក់ចេញនូវវិធានការទាំងនេះ និងបានគូសបញ្ជាក់ថា ធនាគារពិភពលោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចសហប្រតិបត្តិការ ការផ្តល់ជំនួយបច្ចេកទេស និងចែករំលែកបទពិសោធន៍អន្តរជាតិ ដើម្បីគាំទ្រកម្ពុជាក្នុងការកែលម្អគោលនយោបាយ និងសមត្ថភាពស្ថាប័ន និងគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍលើរាល់ការដ្ឋានការងារអាទិភាពដែលជាកត្តាចាំបាច់សម្រាប់ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។