ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា
នាព្រឹកថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដាប្រចាំកម្ពុជា ។
ជាមួយកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាណាដា ដែលបានវិលត្រឡប់មកបើកនិវេសនដ្ឋាននៃស្ថានទូត ប្រចាំនៅកម្ពុជា នៅទីក្រុងភ្នំពេញវិញ ក៏ដូចជា, ដែលគិតចាប់ពីឆ្នាំ ១៩៩២ រហូតដល់ឆ្នាំ ២០២៤, កាណាដា បានផ្តល់ហិរញ្ញប្បទានឥតសំណងមកកម្ពុជា ប្រមាណ ២០៧ លានដុល្លារអាម៉េរិក ដោយផ្តោតលើវិស័យអប់រំ, សុខាភិបាល, កសិកម្ម, ថាមពល, សន្តិសុខស្បៀង, ការប្រយុទ្ធប្រឆាំងគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ, អភិបាលកិច្ច, និងសមភាពយេនឌ័រ ។ កិច្ចសហប្រតិបត្តិការទ្វេភាគីទាំងនេះ បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់របស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងកម្ពុជា-កាណាដា ។
ឯកឧត្តម Christian DesRoches បានគូសបញ្ជាក់ពីស្ថានភាពជាក់ស្ដែង និងមានសុទិដ្ឋិនិយមចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាក្នុងរយៈពេលវែង និងបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃទំនាក់ទំនងរវាងកម្ពុជា និងកាណាដា ។ ទាំងក្នុងក្របខណ្ឌទ្វេភាគី, អាស៊ាន, និងអន្តរជាតិ ទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-កាណាដា កាន់តែសកម្ម ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ដែលកំពុងដើរស្របទៅមុខជាមួយនឹងទំនាក់ទំនងកាន់តែជ្រាលជ្រៅខាងនយោបាយ និងការទូត ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការរក្សាទំនាក់ទំនងល្អ និងបង្កើនកិច្ចសហប្រប្រតិបត្តិការ ជាពិសេស ក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដែលបានប្រែក្លាយកាណាដាទៅជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ។ ជាក់ស្ដែង, ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ, ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-កាណាដា បានកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០២៥ បានកើនឡើងដល់ជាង ១ ប៊ីលានដុល្លារអាម៉េរិក គឺកើនឡើងប្រមាណ ១៥% ធៀបនឹងឆ្នាំមុន ។ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងយកចិត្តទុកដាក់ និងជំរុញលើកទឹកចិត្តបន្ថែមទៀតដល់ការវិនិយោគ វិនិ-យោគិនកាណាដា មកដាក់ទុកវិនិយោគ នៅកម្ពុជា ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈ ការជំរុញនូវការវិនិយោគក្នុងវិស័យដែលមានសក្ដានុពល, បង្កើនទំហំពាណិជ្ជកម្មទ្វេភាគី និងពង្រីកហិរញ្ញប្បទានសហប្រតិបត្តិការក្នុងវិស័យអាទិភាព ។ កម្ពុជា-កាណាដា នឹងពិនិត្យលទ្ធភាពក្នុងការកិច្ចព្រមព្រៀងស្ដីពីការជំរុញនិងការការពារទៅវិញទៅមកនូវការវិនិយោគ និងកិច្ចព្រមព្រៀងស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា ជាដើម ។ រដ្ឋាភិបាលកាណាដា ក៏នឹងជំរុញការចរចារលើកិច្ចព្រមព្រៀងស្ដីពីពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ផងដែរ ។
ជាទីបញ្ចប់, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណសារជាថ្មី និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថានទូតកាណាដាប្រចាំកម្ពុជា ព្រមទាំងបានជូនពរ ឯកឧត្តមឯកអគ្គរដ្ឋទូតកាណាដា និងសហការី បំពេញបេសកកម្មការទូតនៅកម្ពុជាប្រកបដោយជោគជ័យ ។



