ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ “ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ” លើកទី២៧ អាណត្តិទី១
នាព្រឹកថ្ងៃទី២៤ ខែធ្នូ គ.ស. ២០២៥, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អ.ស.ហ. លើកទី២៧ អាណត្តិទី១ នៅទីស្តីការអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ដោយមានការចូលរួមពី ឯកឧត្តមអនុប្រធាន ឯកឧត្តម លោកជំទាវ និងលោក ដែលជាសមាជិក -សមាជិកា នៃក្រុមប្រឹក្សា អ.ស.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម៖
របៀបវារៈទី១. គម្រោងថវិកាប្រចាំឆ្នាំ២០២៦ របស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ
ក្រោមការចង្អុលបង្ហាញ និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ. ក្នុងទិសដៅពង្រឹងការរៀបចំថវិការបស់អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឱ្យមានគុណភាព និងអនុលោមភាពទៅតាមបទដ្ឋានគតិយុត្តណែនាំជាធរមាន និងទិសដៅនៃកិច្ចព្រមព្រៀងថវិកាសមិទ្ធកម្ម, អគ្គលេខាធិការ-ដ្ឋាន អ.ស.ហ. បានសម្របសម្រួល និងបូកសរុបសំណើថវិកាទាំងគម្រោងចំណូល និងគម្រោងចំណាយ ប្រចាំឆ្នាំ២០២៦ របស់អង្គភាពក្រោមឱវាទ អ.ស.ហ. ជូនក្រុមប្រឹក្សា អ.ស.ហ. ពិនិត្យ និងសម្រេច។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តលើគម្រោងថវិកាឆ្នាំ ២០២៦ ជាមួយនឹងការណែនាំបន្ថែមដល់អគ្គលេខាធិការដ្ឋាន និងនិយ័តករក្រោមឱវាទ អ.ស.ហ. ចាត់នីតិវិធីអនុវត្តបន្ត ស្របតាមការកំណត់របស់បទប្បញ្ញត្តិជាធរមាន។
របៀបវារៈទី២. សេចក្តីព្រាងប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” របស់និយ័តករមូលបត្រកម្ពុជា
និយ័តករមូលបត្រកម្ពុជា បានរៀបចំសេចក្តីព្រាងប្រកាសស្តីពី “ការផ្តល់អាជ្ញាបណ្ណ និងការគ្រប់គ្រងអាជីវកម្មទ្រព្យឌីជីថល” ដោយមានការចង្អុលបង្ហាញផ្លូវពីក្របខ័ណ្ឌគោលនយោបាយរបស់ រដ្ឋាភិបាល និងស្តង់ដានិយាមអន្តរជាតិ ដូចជា អង្គការគណៈកម្មការមូលបត្រអន្តរជាតិ (IOSCO) និងក្រុមការងារហិរញ្ញវត្ថុ (FATF)។ ប្រកាសនេះ កំណត់អំពីលក្ខខណ្ឌ នីតិវិធីក្នុងការផ្តល់អាជ្ញាបណ្ណ បន្តអាជ្ញាបណ្ណ និងកាតព្វកិច្ចផ្សេងៗ របស់ក្រុមហ៊ុនផ្តល់សេវាទ្រព្យឌីជីថល ភ្នាក់ងារទ្រព្យឌីជីថល និងបុគ្គលពាក់ព័ន្ធផ្សេងទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា។ សេចក្តីព្រាងប្រកាសនេះមាន ៩ ជំពូក និង ៦៣ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះគ្រប់សកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មទ្រព្យឌីជីថល ដែលមិន ជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យឌីជីថលជាយន្តការ នៃការទូទាត់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាសនេះ ជាមួយនឹងការណែនាំពិនិត្យ និងកែសម្រួលបន្ថែម តាមស្មារតីរបស់អង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី៣. សេចក្តីព្រាងរបាយការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ពាក់កណ្តាលអាណត្តិ របស់និយ័តករធានារ៉ាប់រងកម្ពុជា
និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ និងទទួលបានការអនុម័តពីក្រុមប្រឹក្សា អ.ស.ហ. នូវ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ កាលពីឆ្នាំ២០២១ សម្រាប់ជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រង។ រហូតដល់ឆ្នាំ២០២៥ ការអនុវត្តផែនការយុទ្ធសាស្រ្តនេះបានឈានដល់ដំណាក់កាលពាក់កណ្តាលអាណត្តិ ដែលទាមទារឱ្យមានការត្រួតពិនិត្យ និងវាយតម្លៃ ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃសមិទ្ធកម្ម លទ្ធផល និងកម្មវិបាក នៃការអនុវត្តក្នុងរយៈពេលពាក់កណ្តាលអាណត្តិ (២០២១-២០២៤) ធៀបនឹងទិសដៅដែលបានកំណត់, ពិនិត្យ និងវាយតម្លៃបញ្ហាប្រឈម គម្លាតនៃការអនុវត្ត ព្រមទាំងរកឱ្យឃើញនូវកាលានុវត្តភាព សម្រាប់រៀបចំធ្វើបច្ចុប្បន្នកម្មទៅជាផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ ។ ផ្អែកលើស្មារតីនេះ, ការត្រួតពិនិត្យ និងវាយតម្លៃ ត្រូវបានរៀបចំឡើងជា ៣ កម្រិត រួមមាន៖ ១. ការវាយតម្លៃសមិទ្ធកម្ម ដោយពិនិត្យលើក្របខ័ណ្ឌស្ថាប័ន ក្របខ័ណ្ឌបច្ចេកទេស សហប្រតិបត្តិការ និងសកម្មភាពសម្រេចមិនទាន់ពេញលេញ ២. ការវាយតម្លៃលទ្ធផល ដោយគ្របដណ្តប់លើទីផ្សារធានារ៉ាប់រង ស្ថិរភាពហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុ និងការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និង ៣. ការវាយតម្លៃកម្មវិបាកដែលផ្តោតលើសង្គមកិច្ចនិងសេដ្ឋកិច្ច។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងរបាយការណ៍តាមដាន ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ពាក់កណ្តាលអាណត្តិ ជាមួយនឹងការណែនាំពិនិត្យ និងកែសម្រួលបន្ថែម តាមស្មារតីរបស់អង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី៤. សេចក្តីព្រាង “ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០” របស់និយ័តករធានារ៉ាប់រងកម្ពុជា
ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ឆ្នាំ២០២៥-២០៣០ ត្រូវបានរៀបចំឡើង ដើម្បីឆ្លើយតបនឹងបរិការណ៍ជាក់ស្តែងនៃទីផ្សារធានារ៉ាប់រងកម្ពុជា និន្នាការសកល និងឯកសារគោលនយោបាយរបស់រដ្ឋាភិបាល។ ផែនការយុទ្ធសាស្រ្តនេះមានចក្ខុវិស័យក្នុងការរក្សាបាននូវកំណើនរឹងមាំក្នុងវិស័យធានារ៉ាប់រង ព្រមទាំងទីផ្សារធានារ៉ាប់រងមួយដែលប្រកបដោយនវានុវត្តន៍ ភាពប្រកួតប្រជែងខ្ពស់ ភាពធន់ និងប្រកបដោយវិជ្ជាជីវៈ ដើម្បីបម្រើដល់ពលរដ្ឋកម្ពុជាគ្រប់រូប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រមទាំងមានការកំណត់នូវគោលបំណង គោលដៅ វិសាលភាព បេសកកម្ម និងគុណតម្លៃច្បាស់លាស់។ ផែនការយុទ្ធសាស្រ្តបានកំណត់នូវសូចនាករគន្លឹះឆ្នាំ២០៣០ គឺអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចប្រមាណ ២% ជាមួយនឹងដង់ស៊ីតេធានារ៉ាប់រង ៤៥ ដុល្លារអាម៉េរិកក្នុងម្នាក់។ ឈរលើស្មារតីនេះ, ផែនការយុទ្ធសាស្រ្តនឹងផ្តោតលើក្របខណ្ឌការងារចម្បងៗ ជាសសរស្តម្ភ ចំនួន ៤ រួមមាន៖ ១). ក្របខ័ណ្ឌយុទ្ធសាស្ត្រ ដែលផ្តោតលើការរៀបចំឯកសារយុទ្ធសាស្ត្រសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២). ក្របខ័ណ្ឌទីផ្សារធានារ៉ាប់រងដែលផ្តោតលើការពង្រឹងក្របខណ្ឌវិជ្ជាជីវៈ និងជំនាញធានារ៉ាប់រង, ពង្រីកសេវាធានារ៉ាប់រង តាមរយៈការធ្វើពិពិធកម្មផលិតផលធានារ៉ាប់រង, ពង្រឹងកិច្ចការពារ អតិថិជន, ពង្រីកអក្ខរកម្មធានារ៉ាប់រង និងលើកកម្ពស់បច្ចេកវិទ្យាធានារ៉ាប់រង (InsurTech), ៣). ក្របខ័ណ្ឌនិយ័តកម្ម ដែលផ្តោតលើការអភិវឌ្ឍស្ថាប័ននិយ័តករ, និង ៤). ក្របខ័ណ្ឌសហប្រតិបត្តិការ និងតំណភ្ជាប់ ដែលផ្តោតលើការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នជាតិ និងអន្តរជាតិ និងពង្រីកតំណភ្ជាប់ជាមួយស្ថាប័នជំនាញក្នុងវិស័យ និងក្រៅវិស័យ ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ក្នុងប្រទេស តំបន់ និងសកលលោក។ ជាចុងក្រោយ, ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្ត ផែនការយុទ្ធសាស្រ្តនេះបានកំណត់យន្តការអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃប្រចាំគ្រា ផងដែរ។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ ជាមួយនឹងការណែនាំពិនិត្យ និងកែសម្រួលបន្ថែម តាមស្មារតីរបស់អង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី៥. សេចក្តីព្រាងប្រកាសស្តីពី “ការកំណត់វិធានប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម” របស់និយ័តករសន្តិសុខសង្គម
ប្រកាសនេះ កំណត់អំពីវិធានការប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខសង្គម ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យនៃការវិនិយោគមូលនិធិសន្តិសុខសង្គម ក្នុងគោលដៅ រួមចំណែកធានានូវចីរភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនៃមូលនិធិសន្តិសុខសង្គម។ ប្រកាសនេះមាន ៤ ជំពូក និង ១០ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះការវិនិយោគមូលនិធិសន្តិសុខសង្គម ដែលធ្វើឡើងផ្ទាល់ដោយបេឡាជាតិសន្តិសុខសង្គម ដែលសរសេរជាអក្សរកាត់ថា ប.ស.ស. ឬដោយបុគ្គលមានជំនាញវិជ្ជាជីវៈគ្រប់គ្រងការវិនិយោគ ដែលត្រូវបានជ្រើសរើសឱ្យធ្វើការវិនិយោគមូលនិធិសន្តិសុខសង្គមដោយ ប.ស.ស.។ ក្រៅពីបុគ្គលដែលស្ថិតក្នុងវិសាលភាពខាងលើនេះ ប.ស.ស. ក៏អាចធ្វើកិច្ចសហការជាមួយស្ថាប័នរដ្ឋ ដើម្បីធ្វើការវិនិយោគមូលនិធិរបស់ខ្លួន។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងនិងផ្តល់ការឯកភាពជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី ការកំណត់វិធានប្រុងប្រយ័ត្នលើការបែងចែកកញ្ចប់វិនិយោគនៃមូលនិធិសន្តិសុខ-សង្គម ជាមួយនឹងការណែនាំពិនិត្យ និងកែសម្រួលបន្ថែម តាមស្មារតីរបស់អង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
របៀបវារៈទី៦. សេចក្តីព្រាងប្រកាសស្តីពី “គោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខសង្គម” របស់និយ័តករសន្តិសុខសង្គម
ប្រកាសនេះកំណត់អំពីគោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិ-សុខសង្គម ដោយបេឡាជាតិសន្តិសុខសង្គម ដែលសរសេរជាអក្សរកាត់ថា ប.ស.ស. ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងចីរភាពហិរញ្ញវត្ថុនៃមូលនិធិសន្តិសុខសង្គម។ ប្រកាសនេះមាន ៤ ជំពូក និង ៩ ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខសង្គមដែលការវិនិយោគធ្វើឡើងដោយ ប.ស.ស. ផ្ទាល់ ឬដោយបុគ្គលមានជំនាញវិជ្ជាជីវៈគ្រប់គ្រងការវិនិយោគដែលត្រូវបានជ្រើសរើសឱ្យធ្វើការវិនិយោគមូលនិធិសន្តិសុខសង្គមដោយ ប.ស.ស.។
ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងនិងផ្តល់ការឯកភាពជាគោលការណ៍លើសេចក្តីព្រាងប្រកាសស្តីពី គោលការណ៍នៃការប្រើប្រាស់ផលចំណេញពីការវិនិយោគមូលនិធិសន្តិសុខ-សង្គម ជាមួយនឹងការណែនាំពិនិត្យ និងកែសម្រួលបន្ថែម តាមស្មារតីរបស់អង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
អង្គប្រជុំបានបិទបញ្ចប់សម័យប្រជុំលើកទី២៧ អាណត្តិទី១ នៅវេលាម៉ោង ២ :០០ នាទីរសៀល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។



