ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម Adam Smith ប្រធានគណៈប្រតិភូ នៃសភាសហរដ្ឋអាម៉េរិក

នារសៀលថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០២៥, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក (U.S.Congressional Delegation) ដឹកនាំដោយ    ឯកឧត្តម Adam Smithសមាជិកសភាតំណាងរដ្ឋ Washington ព្រមទាំងមានការចូលរួមពី ឯកឧត្តម Michael Baumgartner សមាជិកសភាតំណាងរដ្ឋ Washington និង លោកជំទាវ Chrissy Houlahan, សមាជិកសភាតំណាងរដ្ឋ Pennsylvania, តំណាងស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ព្រមទាំងសហការីអមដំណើរទស្សនកិច្ចនេះ ។

ជាមួយនឹងការស្វាគមន៍ ចំពោះគណៈប្រតិភូនៃសភាសហរដ្ឋអាម៉េរិក មកកាន់កម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានជម្រាបជូននូវស្ថានភាព និងការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ដែលបន្តរក្សាបាននូវចលនការកំណើន ក្នុងរយៈកាលជាង ៣ ទសវត្សរ៍ចុងក្រោយនេះ បើទោះ បីជាស្ថិតក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជាខ្ពស់, ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ, និងហានិភ័យនានាក្នុងតំបន់ និងសកល ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការ លើកិច្ចព្រមព្រៀងពន្ធគយបដិការរវាងកម្ពុជា-សហរដ្ឋអាម៉េរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ។ 

ក្នុងនោះផងដែរ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានគូសបង្ហាញអំពីសារសំខាន់ នៃការចូលរួមរបស់សហរដ្ឋអាម៉េរិកក្នុងនាមជាដៃគូពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច លើគ្រប់វិស័យ រួមមានវិស័យកាត់ដេរ, វិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យសុខាភិបាល, វិស័យហិរញ្ញវត្ថុ និងវិស័យបដិសណ្ឋារកិច្ចជាដើម ។ បន្ថែមពីនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ  ក៏បានលើកឡើងពីភាពចាំបាច់របស់កម្ពុជាក្នុងការបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនបន្ថែមទៀត តាមរយៈការអភិវឌ្ឍសមត្ថភាពស្ថាប័ន, ការ-ធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច និងការលើកកម្ពស់បរិយាកាសធុរកិច្ចនិងវិនិយោគ ព្រមទាំងបានស្នើឱ្យសហរដ្ឋអាម៉េរិកបន្តផ្ដល់នូវជំនួយបច្ចេកទេស ជាពិសេសលើការអភិវឌ្ឍវិស័យអប់រំ, ការបណ្តុះបណ្តាលផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) និងសុខាភិបាលជាដើម។ 

ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងជំហររបស់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ខ្ជាប់នូវការខិតខំរក្សាសន្តិភាព និងស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់កសាងប្រទេសជាតិឱ្យមានការរីកចម្រើន ។

ទន្ទឹមនេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានគូសបង្ហាញថាសហរដ្ឋអាម៉េរិក និងកម្ពុជា  នឹងបន្តរឹត-បន្តឹងចំណងសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច  តាមរយៈការបន្តដោះស្រាយ និងរក្សាឱ្យបាននូវស្ថិរភាពនៃការ-អនុវត្តពន្ធគយបដិការ ដើម្បីបន្តជំរុញពាណិជ្ជកម្ម និងវិនិយោគ,ការធ្វើបរិវត្តកម្មឌីជីថល, និងការលើកកម្ពស់បរិយាកាសធុរកិច្ច, ព្រមទាំងការចូលរួមសហការទប់ស្កាត់ និងបង្ក្រាបលើបទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ សំដៅដល់ការកសាងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ភាពធន់ បរិយាប័ន្ន និងសមធម៌ ។

Screenshot

Screenshot
Screenshot
Screenshot

Screenshot