ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខដល់ពលការិនីខ្មែររងគ្រោះដោយសារទាហានថៃ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ 

រាជធានីភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យ និងសាកសួរសុខទុក្ខ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានដឹកនាំដោយផ្ទាល់ការប្រជុំការងារបច្ចេកទេសវេជ្ជសាស្រ្តពហុជំនាញពាក់ព័ន្ធ ដើម្បីពិនិត្យបន្ថែមលើលក្ខណៈស៊ីជម្រៅនៃការបន្តការថែទាំព្យាបាលទាំងកម្រិតមន្ទីរពេទ្យជាតិ ទាំងកម្រិតមូលដ្ឋានសុខាភិបាលសហគមន៍។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងថ្នាក់ដឹកនាំក្រសួងសុខាភិបាល មន្រ្តីសុខាភិបាលទាំងអស់ និងលើកទឹកចិត្តដល់ក្មួយស្រី បន្តខិតខំថែរក្សាសុខភាព ឆាប់បានជាសះស្បើយ ដើម្បីវិលត្រឡប់ជួបជុំគ្រួសារវិញ។