ឯកឧត្តមសាស្រ្តាចារ្យ ឆែម គាតរិទ្ធី  និងឯកឧត្ដមសាស្រ្តាចារ្យ ឈាង រ៉ា អញ្ជើញបើកសិក្ខាសាលា ស្តីពី “បញ្ញាសិប្បនិម្មិត និងការថែទាំ ព្យាបាលសុខភាព៖ មនុស្សនៅតែដើរតួនាទីជាស្នូលក្នុងនវានុវត្តន៍”

ក្នុងឱកាសសិក្ខាសាលា «បញ្ញាសិប្បនិម្មិត និងសុខាភិបាល៖ ការរក្សាមនុស្សជាគន្លងស្នូលនៃនវានុវត្តន៍ (Keeping humans at the center of innovation)» ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើក ដោយមានការចូលរួមពី ឯកឧត្តមសាស្រ្តាចារ្យ ទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី និងសាស្ត្រាចារ្យ គ្រូបង្ហាត់ និស្សិតវេជ្ជសាស្ត្រ និងអ្នកជំនាញជាតិ និងអន្តរជាតិជាច្រើន ដែលរៀបចំឡើង នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នាព្រឹកថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តមសាស្ត្រាចារ្យ សាវុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានគូសបញ្ជាក់ថា÷   សិក្ខាសាលាដែលរៀបចំឡើងនៅពេលនេះគឺដើម្បីផ្លាស់ប្តូយោបល់ពិភាក្សាគ្នាស្វែងរកមើលថាតើ បញ្ញាសប្បនិមិត្តអាចធ្វើអ្វីបានខ្លះ និង លើសពីនេះទៅ ទៀតបញ្ជាក់អោយច្បាស់ថា តើអ្វីទៅដែលបញ្ញាសប្បនិមិត្តមិនត្រូវជំនួស។ គោលបំណងរបស់យើងគឺ ធានាអោយ បានថា យើងប្រើបច្ចេកវិទ្យាដើម្បីជាឧបករណ៏បំរើដល់មន្ត្រី បុគ្គលិកសុខាភិបាល មិនមែនមកជំនួសតួរនាទីរបស់ ពួកគាត់ទេ ហើយក៏មិនប្រើវាដើម្បីធ្វើអោយការថែទាំកាន់តែឃ្លាតឆ្ងាយពីទំនាក់ទំនងរវាងគ្រូពេទ្យនិងអ្នកជំងឺនោះទេ។
ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការ បានបន្តថា  សិក្ខាសាលានេះដែរ មានការចូលរួមវាគ្មិនកិត្តិយសពីសំណាក់ឥស្សរជនជាន់ខ្ពស់ អ្នកជំនាញផ្នែកបញ្ញា សិប្បនិម្មិត អ្នកជំនាញផ្នែកសុខភាពសាធារណៈដែលអញ្ជើញមកពីប្រទេសកម្ពុជា ប្រទេសសិង្ហបុរី និងប្រទេសបារាំង សរុបចំនួន ១៩ រូប ដែលនឹងផ្តល់ជាបឋាកថា និងការពិភាក្សាដ៏ផុសផុលលើប្រធានបទបញ្ញាសិប្បនិម្មិត និងការថែទាំព្យាបាលសុខភាពនេះ។
ឯកឧត្តមសាស្ត្រាចារ្យ សង្ឃឹមយ៉ាងមុតមាំថាសិក្ខាសាលានៅថ្ងៃនេះ នឹងទទួលបានអនុសាសន៏គន្លឹះសំខាន់ៗក្នុងការធ្វើយ៉ាងណាជួយអោយប្រទេស កម្ពុជាយើងអាចប្រើប្រាស់បញ្ញា
សិប្បនិមិត្តក្នុងវិស័យសុខាភិបាលប្រកបដោយភាពទទួលខុសត្រូវ និងជួយ ពង្រឹងដល់ប្រពន្ធ័សុខាភិបាលនៅកម្ពុជា ដោយរក្សាបាននូវភាពថ្លៃថ្នូរ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត កំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែវិស័យវេជ្ជសាស្ត្រ នៅតែជាវិស័យដែលផ្អែកលើមនុស្សជាចម្បង។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងនូវសារៈសំខាន់ ដូចខាងក្រោម៖
– បញ្ញាសិប្បនិម្មិត មិនអាចជំនួសវេជ្ជបណ្ឌិតបានទេ ប៉ុន្តែជួយបង្កើនសមត្ថភាពក្នុងការវិភាគ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល។
– ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ នៅតែជាការសម្រេចចិត្តរបស់មនុស្ស ដោយមានទំនួលខុសត្រូវ និងគោលការណ៍សីលធម៌ច្បាស់លាស់។
– បញ្ញាសិប្បនិម្មិត អាចជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ដូចជាការតាមដានជំងឺរាតត្បាត និងការវិភាគទិន្នន័យ។
– ការបណ្តុះបណ្តាលនិស្សិតវេជ្ជសាស្ត្រ ត្រូវបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ប៉ុន្តែត្រូវរក្សាសមត្ថភាពគិតវិភាគ និងការខិតខំប្រឹងប្រែងដោយមនុស្សផ្ទាល់។
– សាស្រ្តាចារ្យ និងគ្រូបង្រៀន មានតួនាទីសំខាន់ ក្នុងការណែនាំ និងគ្រប់គ្រងនិស្សិត ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនេះឱ្យបានត្រឹមត្រូវ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា កំពុងអនុវត្តយុទ្ធសាស្ត្របរិវត្តកម្មឌីជីថល ដើម្បីគាំទ្រការអភិវឌ្ឍន៍វិស័យសុខាភិបាលឱ្យកាន់តែប្រសើរឡើង។ ក្នុងបរិបទឌីជីថល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា បញ្ញាសិប្បនិម្មិត គួរត្រូវបានប្រើប្រាស់ជា ឧបករណ៍សម្រាប់លើកកម្ពស់គុណភាពសេវាសុខាភិបាល និងការបណ្តុះបណ្តាលទំនើប ប៉ុន្តែមិនមែនជាកត្តាដែលនាំឲ្យប៉ះពាល់ដល់គុណភាពសិក្សាឡើយ។
ជាសេចក្តីសន្និដ្ឋាន ឯកឧត្តមបានមានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាល បន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដោយមានទំនួលខុសត្រូវ ក្រមសីលធម៌ និងផ្តោតលើមនុស្សជាគន្លងស្នូល ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលឱ្យកាន់តែប្រសើរ និងសមភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់។»