ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងពីគុណតម្លៃដែលយើងបានរៀនសូត្រពីជនមានពិការភាព គឺជាការ តស៊ូដ៏រឹងមាំ ក្នុងជីវិតរបស់ពួកគាត់ ដើម្បីជម្នះឧបសគ្គ និងទទួលបានជោគជ័យ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យ ដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ដូចជាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែករៀបចំ ទិវាជនមានពិការភាពនេះ ឲ្យមានភាពអធិកអធម ដូចតាមបណ្តាប្រទេសធំៗនានាលើសកលលោកផងដែរ ដែលពិតគឺជាការសបញ្ជាក់ឲ្យយើងទាំងអស់គ្នា បានឃើញអំពីការយកចិត្តទុកដាក់ដ៏ធំធេងបំផុតរបស់រាជរដ្ឋាភិបាល ចំពោះជនមានពិការភាពនៅកម្ពុជា។

ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានលើកឡើងថា គុណតម្លៃដែលយើងបានរៀនសូត្រពីជនមានពិការភាពរបស់យើង គឺជាការតស៊ូ ដ៏រឹងមាំនៅក្នុងជីវិត។ ក្នុងន័យនេះ ពួកគាត់បានបង្ហាញឲ្យសង្គមទាំងមូលឃើញពីការតាំងចិត្តយ៉ាងខ្ពស់នៅក្នុងជីវិត ក្នុងការជម្នះរាល់ឧបសគ្គនានា ដែលមិនត្រឹមតែគ្រាន់តែដើម្បីបន្តជីវិតរស់នៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យ ធំធេងនានានៅក្នុងឆាកជីវិតរបស់ពួកគេថែមទៀត។ ពួកគាត់បានបំផុសស្មារតីឲ្យយើងទាំងអស់គ្នា ឃើញអំពីស្មារតីតស៊ូដ៏រឹងមាំ ដែលបានជំរុញចិត្តឲ្យយើងទាំងអស់គ្នា មានការតស៊ូក្នុងជីវិតដូចគ្នាដែរ ដើម្បីជោគជ័យផ្ទាល់ខ្លួន ក៏ដូចជាសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានបំផុសជាចលនាជាតិ និងស្មារតីរួមមួយក្នុងសង្គមកម្ពុជា មិនថាវិស័យរដ្ឋ ឬឯកជនក្តី និងបងប្អូនជនរួមជាតិគ្រប់វ័យ គ្រប់ស្រទាប់ទាំងអស់ សូមចូលរួមលើកកម្ពស់សិទ្ធិ ផ្តល់ក្តីស្រលាញ់ ក្តីអាណិតអាសូរ និងផ្តល់កិត្តិយស ព្រមទាំងផ្ដល់ឱកាសដល់ជនមានពិការភាពទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមប្រឹក្សាសកម្មភាពជនពិការ ត្រូវបន្តផ្សព្វផ្សាយ តាមដាន និងវាយតម្លៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ដល់ក្រសួង ស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធនានា។

ដោយឡែក គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការដៃគូ វិស័យឯកជន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំអនុវត្ត «ផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០២៤-២០២៨» ឲ្យមានប្រសិទ្ធភាពនិងប្រសិទ្ធផល ដោយដាក់បញ្ចូលការងារពិការភាពទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានារបស់ខ្លួន និងធ្វើរបាយការណ៍ជូន ក្រុមប្រឹក្សាសកម្មភាពជនពិការជាប្រចាំ។

ក្រសួង ស្ថាប័នដែលបានបង្កើតក្រុមការងារសកម្មភាពជនពិការរួចហើយ ត្រូវបង្កើន និងពង្រឹងប្រសិទ្ធភាពការងារ ដោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំ និងត្រូវកែសម្រួលសមាសភាពជាប្រចាំ តាមស្ថានភាពប្រែប្រួលជាក់ស្តែងនៃក្រសួង ស្ថាប័ននីមួយៗ។ ក្រសួង ស្ថាប័ន ដែលមិនទាន់បានបង្កើតក្រុមការងារសកម្មភាពជនពិការ ត្រូវបង្កើតនិងរៀបចំសមាសភាពឱ្យសមស្រប ទៅតាមបរិបទការងារនៃក្រសួង ស្ថាប័នរបស់ខ្លួន។

បន្ថែមពីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តសហការគ្នាឲ្យបានល្អ ដើម្បីផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ដោយគ្មានឧបសគ្គឬការរើសអើងអ្វីឡើយ ឲ្យស្របតាមប្រកាសអន្តរក្រសួង ស្តីពីលក្ខខណ្ឌនៃការ ចេញបណ្ណបើកបរសម្រាប់ជនមានពិការភាព។ ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធនានា រួមទាំងវិស័យ ឯកជនដែលទទួលខុសត្រូវលើមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងតាម ផ្លូវគោក ផ្លូវទឹក និង ផ្លូវអាកាស ត្រូវរៀបចំ ឬកែសម្រួលមធ្យោបាយដឹកជញ្ជូនសាធារណៈទាំងអស់នោះ ដើម្បីឲ្យជនមានពិការភាពអាចប្រើប្រាស់បានងាយស្រួល។

ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការគ្នាឲ្យបានល្អបំផុត ក្នុងការផ្តល់សេវាស្តារលទ្ធភាពពលកម្មតាមគំរូវេជ្ជសាស្ត្រ និងស្តារ លទ្ធភាពពលកម្មតាមគំរូសង្គម ប្រកបដោយគុណភាពនិងដោយមិនគិតថ្លៃជូនជនមានពិការភាពដែលក្រីក្រ ដូចបានកំណត់នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានណែនាំដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាព តាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន និងផ្តល់បណ្ណសម្គាល់ជនមានពិការភាពជូនជនមានពិការភាពគ្រប់រូប ដើម្បីពួកគាត់អាចប្រើប្រាស់បណ្ណស្របតាមក្របខ័ណ្ឌ គោលនយោបាយជាតិគាំពារសង្គម និងការទទួលបាន ផលប្រយោជន៍នានាពីសង្គម។

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តជំរុញឲ្យវិស័យឯកជន និងអង្គការសង្គមស៊ីវិលទទួលយកជនមានពិការភាព ចូលបម្រើការងារតាមអត្រាកំណត់ និងត្រូវពិន័យអន្តរកាណ៍ ចំពោះក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គការសង្គមស៊ីវិលណាដែល មិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងច្បាប់។ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសកម្មចូលរួមចំណែកជំរុញការផ្តល់ សេវានានាដល់ជនមានពិការភាពឲ្យកាន់តែមានប្រសិទ្ធភាព ដោយប្រើប្រាស់យន្តការអន្តរវិស័យ ដែលមានស្រាប់ គឺក្រុមប្រឹក្សាសកម្មភាពជនពិការនៅតាមរាជធានី ខេត្តនីមួយៗ និងធ្វើរបាយការណ៍ ជាប្រចាំជូនក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្នាក់ជាតិ ដើម្បីបូកសរុបជារបាយការណ៍ជាតិស្តីពីពិការភាពនៅកម្ពុជា៕