ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីបិទ ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា”

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបិទ ពិធីសូត្រគម្ពីរអាល់គួរអានុលការីមថ្នាក់ជាតិ លើកទី៣២ និងការសូធ្យចាំមាត់លើកទី៦ ឆ្នាំ២០២៥ ក្រោមប្រធានបទ” ឥស្លាមនិងបច្ចេកវិទ្យា” អញ្ជើញអមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាបរិវេណវិហារធំឥស្លាម ភូមិបន្ទាយ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥។
ពិធីនេះប្រារព្ធធ្វើឡើងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧-១៨ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុញ្ញាអូតាវ៉ា, ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស , ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន , ឯកឧត្តម លោកជំទាវសមាជិក-សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា ,អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់ នៃសាសនាឥស្លាមកម្ពុជា, ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ និងគណៈអុីម៉ាំ រាជធានី-ខេត្ត ។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានអះអាងថា សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែជាអគ្គមគ្គុទេសក៍ឯកស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលសម្រចបានសុខសន្តិភាពជូនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្តេចតេជោ ក៏ជាបិតាស្ថាបនិក នៃគោលនយោបាយសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលបង្កើតបានជាដំបូលម្លប់ និងក្រោមការបន្តដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានផ្តល់សេរីភាពពេញលេញគ្រប់សាសនាទាំងអស់ រស់នៅជួបជុំ ប្រាស័យទាក់ទងគ្នា ប្រកបដោយ ការយោគយល់ មេត្តាធម៌ សន្តោសប្រណី សាមគ្គីភាព គ្មានការរើសអើង បង្កើតបានជាសង្គមមួយ ប្រកបដោយភាពសុខដុមរមនា។
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ក៏បានសំណូមពរដល់សហគមន៍ខ្មែរឥស្លាម ត្រូវបន្តប្រពៃណីផូរផង់ គឺការប្រព្រឹត្តអំពើល្អ ដែលជាគោលការណ៍ធម៌នៃគម្ពីរអាល់គួរអានុលការីម និងប្រសាសន៍ ព្យាការីមូហាម៉ាត់ ដោយយើងទាំងអស់គា្នត្រូវចាំថា គោលការណ៍ចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា សម្ដេចតេជោ និងសម្ដេចធិបតី គឺប្រកាន់យកតែអំពើល្អដែលជាត្រីវិស័យនាំឲ្យកម្ពុជា សម្រេចបានសមិទ្ធផលជាច្រើនមកដល់សព្វថ្ងៃនេះ។
ក្នុងន័យនេះ ឯកឧត្តម ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏អំពាវនាវដល់បងប្អូនខ្មែរឥស្លាម សូមចូលរួមក្នុងការថែរក្សាមរតកសន្តិភាពដ៏ថ្លៃថ្លា និងជៀសវាងនូវអំពើអបាយមុខទាំងឡាយ ដូចជាអំពើខុសច្បាប់នានា អំពើហិង្សា ការប្រើប្រាស់និងជួញដូរគ្រឿងញៀន ដោយប្ដូរមកវិញជាមួយនឹងការខិតខំសិក្សា បង្កើនចំណេះដឹង ឲ្យសមស្របទៅនឹងសម័យកាលឌីជីថល។
លើសពីនេះ ត្រូវបង្កើនសកម្មភាពសង្គមឲ្យបានផុសផុលបន្ថែមទៀត ដោយក្នុងនោះ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងភាគីពាក់ព័ន្ធនានា ត្រូវបង្កើនកិច្ចការមនុស្សធម៌ ការអប់រំ ការអភិវឌ្ឍ និងសកម្មភាពជាប្រយោជន៍នានាដោយឈរលើគោលការណ៍ជំនឿសាសនា និងគោរពតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានអំពាវនាវដល់សហគមន៍ខ្មែរឥស្លាម សូមចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ក្នុងនោះត្រូវប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលបំណង សុចរិតត្រឹមត្រូវសម្រាប់អភិវឌ្ឍន៍ជាតិ ជៀសវាងប្រើប្រាស់បច្ចេកវិទ្យាក្នុងការប្រព្រឹត្តបទល្មើសនានា និងត្រូវចូលរួមប្រឆាំងដាច់ខាតនូវព័ត៌មានក្លែងក្លាយតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចផ្តល់មហន្តរាយដល់សង្គមជាតិ។
ដោយឡែក សម្រាប់ម្ចាស់ជ័យលាភីនៃការសូធ្យលើកទី៣២ និងប្រឡងសូធ្យចាំមាត់លើកទី៦ គម្ពីរអាល់គួរអានុលការីមថា្នក់ជាតិ ឆ្នាំ២០២៥ ដោយមានបេក្ខនារីជា ករី ករីយះ ចំនួន៣៥រូបក្នុងនោះ ស្ត្រី១៥រូប និងបេក្ខជន បេក្ខនារីជា ហាហ្វីស ហាហ្វីហ្សោះ ៩រូប ក្នុងនោះស្រ្តី២រូប ត្រូវបន្តខិតខំសិក្សាពង្រីកចំណេះដឹងបន្ថែមទៀត ដោយឈរលើគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គឺ «រៀនពេញមួយជីវិត» និងត្រូវអនុវត្តប្រពៃណីផូរផង់ក្នុងសង្គមខ្មែររបស់យើង គឺ «សិល្បៈនៃការចែករំលែក» ដោយត្រូវចែករំលែកបទពិសោធ ចំណេះដឹងដែលខ្លួនមានទៅដល់សាសនិកឥស្លាមដទៃទៀត ដើម្បីកសាងមូលធនមនុស្សដ៏រឹងមាំមួយសម្រាប់សង្គមជាតិ៕