ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ អ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី គឺជាតួអង្គដ៏សំខាន់ក្នុងការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ចូលរួមផ្តល់នូវវិធានការការពារដល់គ្រួសារបងប្អូនប្រជាពលរដ្ឋ ហើយក៏ជាការចូលរួមទប់ស្កាត់កុំឲ្យគ្រួសារមួយបាត់បង់នូវសុភមង្គលដោយសារតែកូន ចៅ ក្មួយ ប្រើប្រាស់គ្រឿងញៀន

គ្រឿងញៀនមិនមានប្រយោជន៍ណាមួយឡើយ ផ្ទុយទៅវិញវានឹងបំផ្លាញទ្រព្យសម្បត្តិ កិត្តិយស និងអាយុជីវិតនៃមនុស្សគ្រប់រូប គ្រប់វ័យ ទាំងបុគ្គលខ្លួនឯងផ្ទាល់ រហូតទៅដល់គ្រួសារ និងសង្គមជាតិផងដែរ,យើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងអនុវត្តឱ្យសម្រេចនូវការប្តេជ្ញាចិត្តថា ៖ កម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន និងរក្សាគ្រួសារនីមួយៗជាគ្រួសារស្អាតស្អំ គ្មានគ្រឿងញៀន តាមទស្សនវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»
ចំណុចសំខាន់ៗទាក់ទងការផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនខាងលើនេះ គឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងឱកាស ឯកឧត្តម អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជនបង្គោលសម្រាប់ការផ្សព្វផ្សាយអប់រំ បង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន នារសៀលថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការ វិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួង។
វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ២ថ្ងៃរៀបចំដោយក្រសួងព័ត៌មាន និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីប្រែក្លាយជនបង្គោលដែលជាអ្នកសារព័ត៌មាន ពិធីករ ពិធីការិនី និងអ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម ក្លាយទៅជាអ្នកនាំសារអប់រំសុច្ឆន្ទៈ អំពីបញ្ហាគ្រឿងញៀន ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានបានយល់ដឹងកាន់តែទូលំទូលាយ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា បញ្ហាគ្រឿងញៀន គឺជាបញ្ហារួមដែលត្រូវចូលរួមទប់ស្កាត់ លុបបំបាត់ និង ប្រយុទ្ធប្រឆាំងទាំងអស់គ្នា ហើយត្រូវធ្វើការអប់រំ ក្រើនរំលឹក ពីផលប៉ះពាល់ វិនាសកម្ម នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ និង តឹងរឹងបំផុតចំពោះការប្រើប្រាស់គ្រឿង ញៀន។ ឯកឧត្តម ប្រធានប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ បានជម្រាបជូនថា នៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ យើងបានអនុវត្តន៍នូវវិធានការអប់រំតាមរយៈការចុះផ្សព្វផ្សាយផ្ទាល់ និងតាមរយៈការដាក់អោយដំណើរការកម្មវិធីទូរស័ព្ទ APP No Drugs របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន សម្រាប់អោយប្រជាជន donwload យកទៅប្រើប្រាស់រាយការណ៍ចូលមកក្នុង App នេះ ដើម្បីឲ្យសមត្ថកិច្ចទទួលបានព័ត៌មាន ហើយចុះអន្តរាគមន៍ បង្រ្កាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធ នឹងគ្រឿងញៀន។ ឯកឧត្តមប្រធាន បានជម្រាបជូនពីការឈានទៅដល់ការប្រើគ្រឿងញៀនគឺមកពីមូលហេតុច្រើន ដោយទី១ មនុស្សមួយចំនួនចង់សាក, ទី២ ចាញ់បោកគេ ខណៈពេលដែលយើងមិនចង់,ទី៣ មានការចាប់បង្ខំឲ្យប្រើប្រាស់តែម្តង,ទី៤ តម្លៃគ្រឿងញៀនថោក ខុសពីមុនថ្លៃ។ ចំណុចទាំងអស់នេះហើយគឺយើងទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្ន ហើយការអប់រំផ្សព្វផ្សាយដល់អ្នកមិនទាន់ប្រើប្រាស់ ក៏ជាផ្នែកមួយដើម្បីធ្វើឲ្យគាត់បានយល់ច្បាស់អំពីផលប៉ះពាល់ដែលចេញពីគ្រឿងញៀន។ តាមរយៈនេះគឺមានការដាក់ចេញនូវវិធានអប់រំ វិធានការរដ្ឋបាល វិធានការស្តារនិតិសម្បទា អ្នកញៀនគ្រឿងញៀន វិធានការអនុវត្តន៍ច្បាប់ និងវិធានការទី៥ គឺអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល មានន័យថា ពិនិត្យឃើញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានលើកលែង ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ភាពស្អាតស្អំ និងភាពគំរូនៃការអនុវត្តច្បាប់។ ទាំងនេះគឺចក្ខុវិស័យវែងឆ្ងាយ និងការដោះស្រាយមុតស្រួចចំបញ្ហាដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ នូវយុទ្ធសាស្ត្រដ៏មានស័ក្តិសិទ្ធិភាពមួយ គឺ «គោលការណ៍សម្អាតចកចេញពីផ្ទៃបឹង»។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រីស្នើដល់ពិធីករ ពិធីការិនី បើមានចន្លោះពេលទំនេរក្នុងកម្មវិធីផ្សាយណាមួយ សូមជួយបញ្ជ្រាបសារអប់រំពាក់ព័ន្ធបញ្ហាគ្រឿងញៀន អំពើហឹង្សាក្នុងគ្រួសារអោយបានជាប់ជាប្រចាំ ។ ចំពោះអ្នកសារព័ត៌មានដើរតួនាទីសំខាន់តាមរយៈការសរសេរអត្ថបទរបស់ខ្លួនទាក់ទងផលប៉ះពាល់ផ្សេងៗដោយសារការប្រើប្រាស់គ្រឿងញៀន។ សារព័ត៌មានគឺជាដៃគូជាមួយរាជរដ្ឋាភិបាល ជាមួយ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការផ្សព្វផ្សាយអប់រំសារសំខាន់ៗពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។ ជាថ្មីម្តងទៀត ឯកឧត្តម ប្រធានគណៈកម្មការ អប់រំផ្សព្វផ្សាយ បានរំលឹកដល់សិស្សានុសិស្ស និងនិស្សិតទាំងអស់ដែលកំពុងសិក្សា ហើយចង់ធ្វើកិច្ចការងារអ្វីមួយតាមចំណង់ចំណូលចិត្តរបស់ខ្លួនទៅថ្ងៃអនាគត គឺដាច់ខាតត្រូវចៀសអោយឆ្ងាយដោយកុំអនុញ្ញាតឲ្យគ្រឿងញៀនចូលក្នុងខ្លួន ព្រោះវានឹងបំផ្លាញនូវអ្វីដែលជាការប៉ងប្រាថ្នារបស់យើងគឺបាត់បង់ទាំស្រុង។ ដូច្នេះការទប់ស្កាត់ ការបង្ការខ្លួន តាមរយៈការអប់រំខ្លួនឯង ទប់ស្កាត់ការមិនប្រើប្រាស់គ្រឿងញៀនគឺជាកត្តាសំខាន់បំផុត។ ឯកឧត្តម បានបញ្ជាក់ដែរថាការផ្សព្វផ្សាយសារអប់រំពីផលប៉ះពាល់នៃគ្រឿងញៀន ទោះបីដដែលៗក៏ដោយ ក៏ប៉ុន្តែវារបងក្នុងការទប់ស្កាត់កុំឲ្យសិស្សានុសិស្ស យុវជន ធ្លាក់ទៅក្នុងរណ្តៅនៃការប្រើប្រាស់គ្រឿងញៀនដែលធ្វើអោយខួចអនាគតជាក់ជាមិនខាន។
ក្រោយបញ្ចប់វគ្គបណ្តុះនេះទៅ ឯកឧត្តម នេត្រ ភក្ត្រា សង្ឃឹមថា អ្នកសារព័ត៌មាន ពិធីករ ពិធីការិនី និងអ្នកផលិតមាតិកាដែលមានឥទ្ធិពលក្នុងសង្គម នឹងពង្រីកការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ដើម្បីកាត់បន្ថយនូវអ្វីដែលជាការរីករាលដាលនៃការប្រើប្រាស់គ្រឿងញៀនអោយនៅកម្រិត អតិបរមា ដើម្បីធ្វើអោយសង្គមរបស់យើងទៅបន្តឈានមុខ ជាសង្គមមួយដែលគ្មានគ្រឿងញៀន ហើយជាសង្គមមួយប្រកបទៅដោយការអភិវឌ្ឍ ពោរពេញទៅដោយសុភមង្គល មិនមានបញ្ហាបង្ករដោយគ្រឿងញៀននោះទេ៕