ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំងប្រចាំការ បងប្អូនប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ អមដំណេីរដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងសួរសុខទុក្ខកងកម្លាំងប្រចាំការ បងប្អូនប្រជាពលរដ្ឋ នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។

ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមអភិបាលខេត្ត បានទទួលស្វាគមន៍ និងសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលបន្តចាកចេញពីប្រទេសថៃ វិលចូលស្រុកកំណើតវិញជាបន្តបន្ទាប់។ លេីសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តសួរសុខទុក្ខនិងលេីកទឹកចិត្តដល់មន្រ្តីរាជការនិងកងកម្លាំង ប្រចាំការទាំងអស់ត្រូវខិតខំជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរទាំងមធ្យោបាយធ្វេីដំណេីរទៅស្រុកកំណេីត ផ្តល់ព័ត៌មានទីផ្សារការងារ ជាពិសេសការគិតគូរសុខភាពរបស់ប្រជាពលរដ្ឋខ្មែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត មន្រ្តីរាជការ និងកងកម្លាំងទាំងអស់ បង្ហាញគោលជំហរគោរពនិងអនុវត្តបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការឈរជេីងរឹងមាំនៅព្រំដែន និងច្បាស់ថាកម្ពុជា មានភាពម្ចាស់ការ និងឯករាជ្យ ដោយមិនឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ៕