ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក
ឯកឧត្តម ជា វ៉ាន់ដេតរដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើកសន្និសីទលើកទី១២ នៃការគ្រប់គ្រងវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (The 12th Asia-Pacific Spectrum Management Conference) នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ។
ពិធីនេះ ត្រូវបានសហការរៀបចំដោយនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) និង វេទិកាសកល (Forum Global) ដោយមានការអញ្ជើញចូលរួមពីលោក Masanori Kondo អគ្គលេខាធិការសហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) លោកស្រី Atsuko Okuda នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃសភាពទូរគមនាគមន៍សកល (ITU) នាយកគ្រប់គ្រងនៃវេទិកាសកល (Forum Global) ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃក.ប.ទ.និងន.ទ.ក. តំណាងនិយ័តករ អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញពីបណ្តាប្រទេសក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងវិស័យឯកជនជាតិនិងអន្តរជាតិ ប្រមាណ ២៥០រូប នៅសណ្ឋាគារ Shangri-La ភ្នំពេញ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា ធនធានវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ជាធនធានកម្រដ៏មានតម្លៃរបស់ជាតិនិងជាមូលដ្នានគ្រឹះក្នុងការពង្រីកសេវាគ្របដណ្តប់របស់ទូរសព្ទចល័ត ក៏ដូចជាការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ដូច្នេះ ការកំណត់ទិសដៅគោលនយោបាយច្បាស់លាស់លើការគ្រប់គ្រងនិងបែងចែកធនធានវិសាលគមន៍ហ្រ្វេកង់ស៍វិទ្យុ គឺជាកត្តាចំបាច់បំផុតសម្រាប់កម្ពុជាដើម្បីកំណត់វិធានច្បាស់លាស់សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាអត់ខ្សែ ប្រសិទ្ធភាពនៃការប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុ និងការប្រកួតប្រជែងដោយតម្លាភាព។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្ពុជាបានដាក់ឱ្យប្រើប្រាស់សេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ចំនួន ៧៦៧ ទីតាំង និងបានបង្កើនដល់ចំនួន ១៥៩២ ទីតាំង គិតត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ ៕



