ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាអឺរ៉ុប-អាស៊ាន ដឹកនាំដោយ លោកស្រី Sharon Toh ប្រធានទទួលបន្ទុកតំបន់អាស៊ាន នៅទីស្ដីការ ក.ប.ទ.នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី បានចែករំលែកអំពីវឌ្ឍនភាពនៃកំណែទម្រង់របស់ក្រសួងដែលសម្រេចបាននាពេលកន្លងមក ជាអាទិ៍ ការងារធ្វើបរិវត្តកម្មឌីជីថល ការអភិវឌ្ឍធនធានមនុស្សឌីជីថល ការលើកកម្ពស់ការយល់ដឹងពីបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍថ្នាលនិងកម្មវិធីរដ្ឋាភិបាលឌីជីថល ជាពិសេសថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH និងថ្នាល DG SuperApp។ ជាការឆ្លើយតប លោកស្រី Sharon Toh បានថ្លែងកោតសរសើរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការបរិវត្តកម្មរដ្ឋាភិបាលឌីជីថល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និង លោកស្រី Sharon Toh ក៏បានផ្លាស់ប្តូរយោបល់គ្នាលើការងារពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងដំណើរការស្នើសុំប្រតិបត្តិការអាជីវកម្មក្នុងវិស័យក្រោមសមត្ថកិច្ចក្រសួង សំដៅលើកកម្ពស់និងទាក់ទាញទំនុកចិត្តរបស់វិនិយោគិននិងធុរជនអឺរ៉ុបមកវិនយោគនៅកម្ពុជា ៕