ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្តដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិតស្ម័គ្រចិត្ត ដែលបានចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ ពិព័រណ៍បច្ចេកវិទ្យាឌីជីថល និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃ ក.ប.ទ. និងនិស្សិតស្ម័គ្រចិត្តប្រមាណ ៣១៥នាក់ នៅទីស្ដីការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពនៃការឈ្លានពានពីសំណាក់យោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា ដែលបានបង្កផលប៉ះពាល់ជាច្រើនរួមមានផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងជាពិសេសការខូចខាតប្រាសាទបូរាណដែលសម្បត្តិវប្បធម៌របស់ខ្មែរ និងមនុស្សជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់អំពីសារៈសំខាន់នៃបចេ្ចកវិទ្យាដែលបាននិងកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ហើយបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងប្រែក្លាយប្រទេសកម្ពុជាជាសេដ្ឋកិច្ចនិងសង្គមឌីជីថល នាពេលខាងមុខ។ ក្នុងន័យនេះ ក.ប.ទ. បានបំពេញខិតខំរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងបានអភិវឌ្ឍថ្នាលនិងកម្មវិធីរបស់រដ្ឋាភិបាលឌីជីថល សំដៅឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យា។
មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ បន្តចូលរួមក្នុងកិច្ចការសង្គម រក្សាសីលធម៌និងសុជីវធម៌ឱ្យបានល្អ និងរួមចំណែកកសាងសង្គមជាតិកម្ពុជាឱ្យរីកចម្រើនទៅមុខជាលំដាប់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕



