ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត និងលោក NAGASE Kensuke  (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩

ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ និងលោក NAGASE Kensuke  (ណាហ្គាសិ កេនស៊ូកិ) អនុប្រធានបេសកកម្មនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារពហុបំណងនិងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ” ដែលជាសមិទ្ធផលរបស់គម្រោងស្តារវិស័យទេសចរណ៍សហគមន៍ពីវិបត្តិកូវីដ-១៩ នៅសាលាស្រុកអង្គរបូរី ខេត្តតាកែវ ដោយមានការនិមន្ត/ចូលរួមពី ព្រះសង្ឃ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារក្រុង ស្រុក ភាគីពាក់ព័ន្ធ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណ ១៤៥០ អង្គ/នាក់។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលពិតជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ហើយរដ្ឋាភិបាលបាននិងកំពុងអនុវត្ត ព្រមទាំងទទួលបានលទ្ធផលគួរជាទីមោទនៈ។ ចំពោះការឈ្លានពានពីសំណាក់កងទ័ពថៃ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានបន្តជឿជាក់លើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោធិបតី និងរួបរួមគ្នាសាមគ្គីជាធ្លុងមួយ។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករ ឱ្យខិតខំធ្វើយ៉ាងបង្កើនប្រសិទ្ធភាពនិងបរិមាណដាំដុះ បន្លែ ផ្លែឈើ និងចិញ្ចឹមសត្វ ជាពិសេសចិញ្ចឹមបង្កងដោយមានការជួយជ្រោមជ្រែងពីគម្រោងតេជោភូមិ១០០ វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងអស់។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្រ្តី បន្តថាដើម្បីប្រមូលផលបានទៀងទាត់ប្រជាកសិករនិងអាជ្ញាធរមូលដ្ឋានត្រូវចងក្រងប្រមូលផ្តុំជាសហគមន៍ដើម្បីជួយគាំទ្រគ្នាទៅវិញទៅមកទាំងបច្ចេកទេស ស្មារតី និងការស្វែងរកទីផ្សារ។ 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់អាជ្ញាធរគ្រប់លំដាប់ត្រូវខិតខំ រៀបចំកែលម្អសោភ័ណភាពស្រុក ដាំដើមឈើ ពង្រឹងគុណភាពនិងអនាម័យម្ហូបអាហារ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍ ដែលមកទស្សនាស្រុកអង្គរបូរី អតីតរាជធានីខ្មែរសម័យហ្វូណន ៕