ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាចំនួន២៤២នាក់

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ជូននិស្សិតនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ចំនួន ២៤២នាក់ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ ក.ប.ទ. ប្រធាន ប.ប.ឌ. ក្រុមប្រឹក្សាភិបាល ក្រុមប្រឹក្សាវិទ្យាសាស្រ្ត សាស្រ្តាចារ្យ និងបុគ្គលិកសិក្សា នៃ ប.ប.ឌ. តំណាងអង្គទូត ដៃគូរអភិវឌ្ឍន៍ គ្រឹះស្ថានអប់រំ និងអាណាព្យាបាលប្រមាណជាង ៩០០នាក់ នៅសណ្ឋាគារសុខាភ្នំពេញ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានលើកឡើងអំពីសារៈសំខាន់នៃការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ក្នុងអាជីពការងារ ដោយសារបច្ចេកវិទ្យាឌីជីថលបាននិងកំពុងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនឹងដំណើរការការងារ ជីវភាពរស់នៅ និងការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចអំពីមោទកភាពនៃស្នាដៃកូនខ្មែរ ដែលជាមន្រ្តីបច្ចេកទេសនៃក្រសួង ក្នុងការអភិវឌ្ឍថ្នាល verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល និងត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវការអបអរសាទរចំពោះប្អូនៗនិស្សិតជ័យលាភីទាំងអស់ និងផ្តល់អនុសាសន៍ណែនាំឱ្យនិស្សិតជ័យលាភីត្រូវខិតខំអភិវឌ្ឍចំណេះដឹងជាប់ជាប្រចាំ បំពេញការងារដោយឧស្សាហ៍ព្យាយាម មានការទទួលខុសត្រូវខ្ពស់លើការងារ និងត្រូវប្រកាន់ខ្ជាប់ស្មារតីជាខ្មែរទោះស្ថិតនៅកាលៈទេសៈណាក៏ដោយ។

យោងតាម ឯកឧត្តម បណ្ឌិត សេង សុភាព នាយកបណ្ឌិតសភាបច្ចេកវិទ្យាកម្ពុជា បានបញ្ចាក់ថា និស្សិតដែលបានបញ្ចប់ការសិក្សានៅទីនេះ ៩៦ ភាគរយ ទទួលបានការងារធ្វើត្រូវនិងជំនាញ ជាមួយប្រាក់ខែសមរម្យ ៕