ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រ នៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង «ពិធីបិទវគ្គ និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាមនៃគម្រោងពន្លឿនការប្រើប្រាស់ឌីជីថលដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម សម្រាប់សេដ្ឋកិច្ចឌីជីថល» ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំង ៤២២ នាក់ មកពី ២៤៩ សហគ្រាស ដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលកំពុងអភិវឌ្ឍខ្លួនយ៉ាងស្វាហាប់ ក្នុងការជំរុញផលិតផលក្នុងស្រុកជំនួសការនាំចូល។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍គន្លឹះសំខាន់ៗ រួមមាន (១) សហគ្រិនត្រូវទាញយកអត្ថប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងភាពធន់ បង្កើនប្រសិទ្ធភាពផលិតកម្ម ដែលជាផ្នែកសំខាន់នៃការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ ប្រកបដោយបរិយាបន្ន (២)ការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល៖ ក.ប.ទ. នៅតែបន្តជំរុញ និងគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់អាជីកម្មក្នុងស្រុក តាមរយៈគម្រោង ថ្នាលសម្រាប់ប្រតិបត្តការអាជីវកម្ម (៣) ជំរុញការអភិវឌ្ឍជំនាញ តាមរយៈ ការ បណ្តុះបណ្តាល ដោយវាគ្មិនក្នុងស្រុក និងវាគ្មិនល្បីៗ មកពីក្រៅប្រទេស ជាពិសេសបញ្ចូលចំណេះដឹងស្ដីពីបញ្ញាសិប្បនិម្មិត (AI) (៤) រៀបចំសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថល (Digital Tech Center) ដើម្បីផ្តល់ជាទីកន្លែងធ្វើការរួម (Co-working Space) បន្ទប់បណ្តុះបណ្តាល និងបណ្តាញទំនាក់ទំនងសម្រាប់សហគ្រិន និង (៥) លើកទឹកចិត្តដល់ធុរកិច្ចជន និងសហគ្រិនទាំងអស់ ក្នុងការរកឱកាសពង្រីកអាជីវកម្មតាមរយ: «សួនឌីជីថលកម្ពុជា» (Cambodia Digital Park) ដែលជាការបោះជំហានដ៏សំខាន់ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់បំប្លែងអាជីវកម្មបែបប្រពៃណី ឱ្យទៅជាអាជីវកម្មវៃឆ្លាត ដើម្បីរួមចំណែកសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ៕