ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន ទទួលជួបស្វាគមន៍ អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម  ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ នារាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា

………………………

ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អញ្ជើញទទួលជួបស្វាគមន៍ជាមួយ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម ព្រមទាំង គណៈប្រតិភូព្រះមន្រ្តីសង្ឃវៀតណាម ក្នុងឱកាសអញ្ជើញចូលរួម កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នាទីស្តីការក្រសួងធម្មការនិងសាសនា។ 

ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានមានប្រសាសន៍ថា ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និង កិច្ច សហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយប្រកបដោយចីរភាព យូរអង្វែង និង ស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗ បន្ថែមទៀត ដើម្បីជាផលប្រយោជន៍រវាងប្រទេសនិងប្រជាជន កម្ពុជា-វៀតណាម ។  ឯកឧត្តម ប្រធានគណៈប្រតិភូវៀតណាមបានបញ្ជាក់ថា កាលពីឆ្នាំ២០២៣ ប្រទេសវៀតណាមបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី២ ទទួលបានជោគជ័យគួរទីមោទនៈ ដែលបានផ្លាស់ប្តូរទស្សនៈអំពី តួនាទីរបស់ព្រះពុទ្ធសាសនាក្នុងការ លើកកម្ពស់សន្តិភាព សុខដុមរមនា និងការការពារបរិស្ថាននៅ ក្នុងតំបន់ ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៏ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) និងគណៈប្រតិភូព្រះមន្រ្តីសង្ឃជាន់ខ្ពស់វៀតណាមទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ 

ឯកឧត្តម ចាយ បូរិន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើកកម្ពស់ចំណងមិត្តភាព លើគ្រប់បណ្តាប្រទេសជាមិត្ត ដែលបង្ហាញពីមិត្តភាព ដ៏ជិតស្និទ្ធ និងទំនាក់ទំនងដ៏រឹងមាំ ជាប្រពៃណីរវាង ប្រទេស និង ប្រជាជន។

ឯកឧត្តម រដ្ឋមន្រ្តី បានសម្តែងនូវក្តីសង្ឃឹមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើន ពិសេសលើវិស័យព្រះពុទ្ធសាសនា ហើយឈានទៅដល់ការយោគយល់គ្នាកាន់តែច្រើនឡើង តាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ពេលនេះ នឹងពិភាក្សាយ៉ាងផុលផុសដើម្បីឲ្យកិច្ចប្រជុំនាឱកាសនេះទទួលបានផ្លែផ្កាកាន់តែល្អប្រសើរឡើងថែមទៀត។

 

ឯកឧត្តម រដ្ឋមន្រ្តី សូមជូនពរ ដល់ឯកឧត្តម និងគណៈប្រតិភូព្រះមន្រ្តីសង្ឃសាធារណរដ្ឋសង្គមនិយមវៀតណាមទាំងអស់ទទួល បាននូវសុខសុវត្ថិភាព និងភាពរីករាយក្នុងការស្នាក់នៅបំពេញបេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមប្រធានបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនាដើម្បីសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព”  និងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ដោយមានគណៈប្រតិភូនិងព្រះមន្រ្តីសង្ឃជាន់ខ្ពស់មកពីប្រទេសឡាវ និងវៀតណាម អញ្ជើញចូលរួម ៕