ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ អញ្ជើញសំណេះសំណាលនិងផ្តល់រង្វាន់លើទឹកចិត្តដល់សិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំសិក្សា២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា , ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរង តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ , និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកតំបែរ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ យ៉ាងច្រើនកុះករ ។

ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន បានគូសបញ្ជាក់ថា វិស័យអប់រំ គឺជាវិស័យអទិភាព ហើយក្មួយៗគឺជាទំពាំងស្នងឬស្សីដ៏មានគុណភាពដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍកាន់តែរីកចម្រើន ស្របទៅនឹងការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងយកចិត្តទុកដាក់និងចាត់ទុកវិស័យអប់រំដែលជាវិស័យអាទិភាព ក្នុងការបង្កើតធនធានមនុស្សដ៏សំខាន់ សំរាប់ប្រទេសជាតិនិងចូលរួមអបអរសាទរជាមួយក្មួយៗ សិស្សានុសិស្សជ័យលាភីដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិសំរាប់ឆ្នាំសិក្សា២០២៥ ។

ឯកឧត្តម រដ្ឋមន្ត្រី សូមកោតសសើរ និងថ្លែងអំណរគុណដល់មាតាបិតា អាណាព្យាបាលសិស្ស ដែលតែងតែជំរុញលើកទឹកចិត្ត អប់រំកូនៗក្នុងការសិក្សារៀនសូត្រ គួបផ្សំនិងការយកចិត្តទុកដាក់ខិតខំបង្ហាត់បង្រៀន អប់រំទូន្មានណែនាំ ពីសំណាក់ លោកគ្រូអ្នកគ្រូ ជាពិសេសក្មួយៗបានប្រឹងប្រែងខិតខំរៀនសូត្រដោយខ្លួនឯង ទើបបានទទួលលទ្ធផលផ្លែផ្កាដ៏ល្អនាពេលនេះ ស្របទៅនិងពាក្យស្លោករបស់ក្រសួងអប់រំយុវជននឹងកីឡា “អ្នកចេះគឺជាប់”។ ក្មួយៗជាសិស្សានុសិស្ស ជាយុវជនដែលជាទំពាំងស្នងឫស្សី សម័យសន្តិភាពសម្តេចតេជោ ហ៊ុន សែនហើយបានបន្តមកសម័យអភិវឌ្ឍន៏សម្តេចធិបតី ហ៊ុន ម៉ាណែត ពិតជាមានសំណាងណាស់ ដែលមានឱកាសសិក្សារៀនសូត្រយ៉ាងទូលំទូលាយ ក្រោមម្លប់សន្តិភាព ដើម្បីយកចំណេះដឹងទៅអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិ។

ឯកឧត្តម ចាយ បូរិន បានផ្តាំផ្ញើដល់ក្មួយៗត្រូវប្រកាន់ភ្ជាប់នូវ គុណធម៌ សីលធម៌ ចរិយាធម៌  សុជីវធម៌ និងឥរិយាបថល្អ ហើយចូលរួមទាំងអស់គ្នាក្នុងការគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិ ភាព និងជៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំខូចអនាគតដល់ខ្លួន និងបានជម្រុញលើកទឹកចិត្តដល់ក្មួយៗ ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិទាំងអស់ នៅពេលបន្តការសិក្សានៅមហាវិទ្យាល័យ ត្រូវផ្លាស់ប្តូរឥរិយាបថ នៃការសិក្សា គឺត្រូវបន្តសិក្សា ភាសាជាតិ ភាសាបរទេស សិក្សាស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីស្វែងយល់ពីមុខជំនាញ ដោយរៀនទ្រឹស្តីបណ្តើរ អនុវត្តន៍ជាក់ស្តែងបណ្តើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល Ai និងសេដ្ឋកិច្ចឌីជីថលប្រកបដោយប្រសិទ្ធភាព ជាពិសេសការអប់រំ វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ។

នៅក្នុងឱកាសអបអរសាទរក្មួយៗសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ឆ្នាំ២០២៥ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឯកឧត្តម ចាយ បូរិន បានឧបត្ថម្ភថវិកា និងសំភារៈមួយចំនួន ដល់សិស្ស៦វិទ្យាល័យ នៅស្រុកតំបែរ ក្នុងនោះមានសិស្ស និទ្ទេសA ៨នាក់ , និទ្ទេសB ៤៤នាក់ , និទ្ទេសC ១៦៦នាក់, និទ្ទេសD ២៦១នាក់ និងនិទ្ទេសE ១២៤នាក់ និងលោកប្រធានការិយាល័យ អបរំស្រុក លោកនាយក លោកនាយករងសាលាចំនួន២០នាក់ សិក្សានុសិស្សប្រឡងមិនជាប់ចំនួន៥៩នាក់ ផងដែរ ។