ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម

នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា ចាយបូរិន ព្រមទាំងលោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ , ឯកឧត្តម តេជាតិរ័ក្ខសិរីរ័ត សូ ជុងហួរ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ និងលោកជំទាវ នឹងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី៣ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
គោរពតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិននិង លោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញអុជទៀនធូប ប្រគេនគន្ធពិដោរ ថ្វាយបង្គំព្រះពុទ្ធបដិមា និងសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ និងជាព្រះគ្រូសូត្រស្តាំ និងថេរានុថេរគ្រប់ព្រះអង្គ ដែលគង់ក្នុងវត្តបទុមវតីរាជវរារាម បានសមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ព្រះពុទ្ធសាសនា ពិសេសរម្លឹកដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិជាដរាបរៀងមក។
ពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យ ដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃជារៀងរាល់ឆ្នាំ ដែលបងប្អូនកូនចៅ សាច់ញាតិនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេស ឪពុកម្ដាយ នៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ ញាតិការទាំង៧សណ្តាន រួមមាន មាតា បិតា ជីដូន ជីតា បងប្អូនកូនចៅ គ្រូឧជ្ឈាយាចារ្យ បុព្វការីជន-បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិទាំងឡាយ ដែលបានលាចាកលោកនេះទៅកាន់លោកខាងមុខ ហើយនោះសូមអញ្ជើញមកទទួលយកផល្លានិសង្ឃបានគ្រប់ៗគ្នា ។
ពិធីបុណ្យកាន់បិណ្ឌវេនទី៣ នាថ្ងៃពុធ ៣ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ករុណាសិរីសុវឌ្ឍិនី លុយ គន្ធី អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ដែលជាមាតាបង្កើតនិងជាម្តាយក្មេក ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិននិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ រួមជាមួយ មន្រ្តីរាជការក្រោមឱវាទ នៃក្រសួងធម្មការនិងសាសនា បានប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសមនុញ្ញផល មហាកុសលផលបុណ្យជូនចំពោះឧកញ៉ា មហាសប្បុរសធម្មសិរីញាណ ចាយ ស៊ាងអុី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ដែលត្រូវជាឪពុកបង្កើត ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន និងញាតិកាទាំង៧សន្តាន ព្រមទាំងសូមឧទ្ទិសកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ពដ៏អង់អាចក្លាហានដែលបានពលីក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ សូមបានទៅកាន់លោកខាងមុខសូមជួបតែសេចក្តីស្ងប់ក្នុងសុខគតិភពជារៀងរហូត។
តាមរយៈពិធីកាន់បិណ្ឌនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ សូមជូនមហាកុសលផលបុណ្យ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ របស់ក្រសួងធម្មការនិងសាសនាទាំងអស់ ដែលកំពុងបំពេញភារកិច្ចរៀងៗខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការអភិរក្ស ការពារ និងអភិវឌ្ឍន៍ព្រះពុទ្ធសាសនា និងរក្សាភាពសុខដុនីយកម្មសាសនាផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត សូមទទួលបាននូវសុខភាពល្អបរិបូណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជោគជ័យគ្រប់ភារកិច្ចការងារ និងរកទទួលទានបានដ៏ល្អប្រពៃ ក្នុងសន្តិភាពដ៏ល្អផូរផង់នៃយើងទាំងអស់គ្នា។
សូមជម្រាបជូនថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ពុទ្ធបរិស័ទនៅទូទាំងប្រទេស គោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ៕