ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល÷ បានលើកឡើងអំពីចំនុចសំខាន់ៗ ភាពប្លែកពីគ្នា និងគុណសម្បតិ្តរបស់អ្នកដឹកនាំក្រៅពីការផ្តល់សេវា
ថ្លែងបើកកិច្ចប្រជុំកាលពីរសៀលមុននេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តចែករំលេកពីភាព
ប្លែកៗពីគ្នា នៃភាពជាអ្នកដឹកនាំសម្រាប់មុខងារ ក្នុងការងារដឹកនាំក្រៅពីការបម្រើសេវា ដែលអ្នកដឹកនាំការងារនេះត្រូវមាន ដូចខាងក្រោម៖
១)ចក្ខុវិស័យ
២) មានការនាំផ្លូវ
៣)មានការចាត់ចែង
៤) រៀបចំកិច្ចការរដ្ឋបាល
៥)ដឹកនាំគម្រោងនីមួយៗអោយទទួលបានជោគជ័យ
៦)បង្ហាញមុខជាអ្នកដឹកនាំនៅគ្រប់ព្រឹត្តិការណ៍។
បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកយក ៣ចំណុច ដែលជាគុណសម្បតិ្តរបស់អ្នកដឹកនាំ នៃការងារក្រៅពីការបម្រើសេវាព្យាបាល គឺ៖ (១)ជាអ្នកដែលរំលឹកដល់ក្រុមការងារ ដើម្បីឱ្យមានភាពស្ទុះស្ទារ ទាំងក្នុងពេលមានអាសន្ន និងពេលធម្មតា (២)អ្នកដឹកនាំត្រូវដើរតួរនាទីជាអ្នកការទូត ក្នុងជំហរការពារ ផលប្រយោជន៍របស់វិស័យ និង(៣)អ្នកដឹកនាំត្រូវមានទេពកោសល្យ ក្នុងការពន្យល់ ដល់ប្រជាជន និងភាគីពាក់ព័ន្ធទាំងអស់គ្រប់កម្រិត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី ឈាង រ៉ា មានប្រសាសន៍យ៉ាងដូច្នេះនៅក្នុងពេលដែល ឯកឧត្តមអញ្ជើញដឹកនាំ វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី ២៥ ខែ វិច្ឆិការ ឆ្នាំ២០២៥ ដែលមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធ វីដេអូសន្និសីទ (Zoom) សរុបចំនួន ៣០៥៤ នាក់។
ជាកិច្ចបន្ត ក្រុមការងារ នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ បានបន្តចែករំលែកនូវការងារទាក់ទាញ បង្កើនទំនុកចិត្តអ្នកជំងឺឱ្យមកប្រើប្រាស់សេវាឱ្យបានច្រើន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី ក៏បានផ្តល់នូវអនុសាសន៍ចែករំលែក ដើម្បីបង្កើនទំនុកចិត្ត លើមន្ទីរពេទ្យពីសាធារណៈ រួមមាន (១)មន្ទីរពេទ្យទាំងអស់ត្រូវខិតខំគិតគូរឱ្យលើសពីសេវាមគ្គុទេសន៍ (សេវាទទួលភ្ញៀ) (២)មន្ទីរពេទ្យត្រូវបន្តខិតខំប្រមូលព័ត៌មានត្រឡប់ពីសាធារណៈជន ជាអតិបរមា និងធ្វើការដោះស្រាយដោយប្រសិទ្ធិភាព រួមទាំងការធ្វើការបង្ហាញពីសមិទ្ធិផល របស់មន្ទីរពេទ្យឱ្យបានកាន់តែច្រើនជាងមុន (៣)ការបម្រើសេវាល្អ ត្រូវរៀបចំឱ្យមានពីដើម រហូតដល់ចប់ជាពិសេស គុណភាពសេវា នៅតាមផ្នែកនីមួយៗ នៃមន្ទីរពេទ្យ (៤)ប្រធានផ្នែកនិងនាយសាល ចុះជួបជាមួយអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ ឲ្យបានទៀងទាត់ ដើម្បីស្វែងយល់ពីការចង់បាន របស់អ្នកជំងឺតាមផ្នែករបស់ខ្លួន (៥)ថ្នាក់ដឹកនាំមន្ទីរពេទ្យក៏ចុះជួបជាមួយអ្នកជំងឺ និងក្រុមគ្រួសារដើម្បីពិនិត្យ និងតាមដានការងារបម្រើសេវារបស់មន្ទីរពេទ្យ (៦)មន្ទីរពេទ្យត្រូវបន្តប្រើប្រាស់ប្រព័ន្ធប្រមូលទិន្នន័យជាពិសេសទាក់ទងនឹងពត៌មានត្រឡប់ របស់អ្នកជំងឺ និងទិន្នន័យសម្រាប់ធ្វើការតាមដាននិងវាយតំលៃគុណភាពសេវារបស់មន្ទីរពេទ្យ ដើម្បីរៀបចំការអភិវឌ្ឍន៍របស់ខ្លួនជាជំហានៗ។
ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា «ការបង្កើតអោយបាននូវទំនុកចិត្ត ភាពរុងរឿងនៅមន្ទីរពេទ្យ គឺត្រូវផ្តើមចេញពីភាពល្អនៃបុគ្គលិក
ម្នាក់ៗ ហើយអ្នកដែលត្រូវចាប់ផ្តើមមុនគេ គឺយើងជាថ្នាក់ដឹកនាំតែម្តង។»



