ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់៖ «ការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្ម មិនមែនគ្រាន់តែជាការបង្កើនចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែជាការពង្រឹងសមត្ថភាពស្ថាប័ន និងមូលធនមនុស្ស ដើម្បីចូលរួមពង្រឹងនីតិរដ្ឋ អភិបាលកិច្ច និងធានាឱ្យការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន»

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «វគ្គបណ្ដុះបណ្ដាលស្តីពីការពង្រឹងសមត្ថភាពមន្ត្រីលើការងារនីតិកម្មក្នុងវិស័យទេសចរណ៍» ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ពុទ្ធិថ្មីៗ និងពង្រឹងសមត្ថភាពមន្ត្រីរាជការក្រសួងទេសចរណ៍ ទាំងនៅថ្នាក់ក្រសួង និងមន្ទីរទេសចរណ៍រាជធានីខេត្ត អំពីមូលដ្ឋានគ្រឹះនៃការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ជាពិសេសលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យទេសចរណ៍ ឱ្យមានឯកភាព អនុលោមភាព សង្គតិភាព និងសុវត្ថិភាពគតិយុត្តទាំងទម្រង់ និងខ្លឹមសារ។

ពិធីដ៏អធិកអធមនាព្រឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ាង ផល្លា អនុ រដ្ឋ លេខាធិការ និង ជា ប្រធាន លេខា ធិការដ្ឋាន ក្រុម ប្រឹក្សា នីតិ កម្ម នៃ ក្រសួង សេដ្ឋ កិច្ចនិង ហិរញ្ញវត្ថុ , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាវាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ ប្រមាណ ៣០០នាក់ នៅសាលប្រជុំធំ ទីស្តីការក្រសួងទេសចេរណ៍។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត គឺជាការងារដ៏មានសារៈសំខាន់ ដែលទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល។ ជាពិសេស ក្នុងនីតិកាលទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្ត «ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល» ដើម្បីពង្រឹងនីតិរដ្ឋ ប្រសិទ្ធភាព សន្តិសុខគតិយុត្ត និងការគោរពច្បាប់។

ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះ បានឆ្លើយតបទៅនឹងផែនការការងារអាទិភាពទាំង៤ របស់ក្រសួងទេសចរណ៍ សម្រាប់ការពង្រឹងស្ថាប័នផ្ទៃក្នុង រួមមាន៖ ការកសាងលិខិតបទដ្ឋានគតិយុត្តសម្រាប់បម្រើវិស័យទេសចរណ៍, ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាង និងអភិវឌ្ឍធនធានមនុស្សឱ្យក្លាយជាមូលធនមនុស្សក្នុងវិស័យទេសចរណ៍, និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួង និងអង្គភាពចំណុះទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ឱ្យបន្តខិតខំបង្កើន និងអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ និងសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារជាក់ស្តែង ប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ និងបន្តចែករំលែកចំណេះដឹង និងបទពិសោធដល់សហការីនៅក្នុងអង្គភាពរៀងៗខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា «មន្ត្រីម្នាក់ៗត្រូវបន្តរៀនសូត្រ បង្កើនសមត្ថភាព និងប្រែក្លាយចំណេះដឹងដែលទទួលបានទៅជាលទ្ធផលការងារជាក់ស្តែង។ ការមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធ គឺជាកម្លាំងដ៏សំខាន់ក្នុងការកសាងស្ថាប័នឱ្យកាន់តែរឹងមាំ មានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព»

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំចំនួន វគ្គ ដោយវគ្គទី១ មានសិក្ខាកាមចំនួន ១២០នាក់ និងវគ្គទី២ មានសិក្ខាកាមចំនួន ១១៤នាក់ តាមរយៈការចូលរួមដោយផ្ទាល់ និងប្រព័ន្ធ Video Conference ៕