ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញទស្សនាការតាំងបង្ហាញរថយន្ត CHANGAN ស៊េរីថ្មី រៀបចំដោយក្រុមហ៊ុន RMA CAMBODIA នៅទីស្តីការក្រសួងព័ត៌មាន
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញទស្សនាការតាំងបង្ហាញរថយន្តម៉ាក CHANGAN ស៊េរីថ្មី ដែលរៀបចំដោយក្រុមហ៊ុន RMA CAMBODIA នៅខាងមុខអគារទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦។
ការតាំងបង្ហាញរថយន្តនេះធ្វើឡើងមុនពិធីបើកសិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល» ដែលរៀបចំក្រោមកិច្ចសហការគាំទ្រពីក្រសួងព័ត៌មាន និងសមាគមអេឡិចត្រូនិក អឹម អេស ជេ (MSJ) ដោយមានក្រុមហ៊ុន RMA CAMBODIA ចូលរួមឧបត្ថម្ភគាំទ្រដល់ដំណើរការសិក្ខាសាលារយៈពេល២ថ្ងៃនេះផងដែរ។
តាមការបញ្ជាក់របស់អ្នករៀបចំបានឲ្យដឹងថា ការតាំងបង្ហាញរថយន្តស៊េរីថ្មីនេះ មានសារៈសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល និងបង្ហាញពីការវិវត្តនៃបច្ចេកវិទ្យាក្នុងវិស័យយានយន្ត ដើម្បីឱ្យសាធារណជន និងអ្នកប្រើប្រាស់មានឱកាសស្វែងយល់កាន់តែច្បាស់អំពីរូបរាង ការរចនា លក្ខណៈពិសេស និងបច្ចេកវិទ្យាដែលបំពាក់លើរថយន្តស៊េរីថ្មី។ សកម្មភាពនេះក៏អាចជួយបង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីជម្រើសយានយន្តនៅលើទីផ្សារ និងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរព័ត៌មានរវាងក្រុមហ៊ុន និងអតិថិជនផងដែរ។
ដោយឡែក សម្រាប់ការចូលរួមឧបត្ថម្ភគាំទ្ររបស់ក្រុមហ៊ុន RMA CAMBODIA ដល់សិក្ខាសាលាស្តីពី «ការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងសម័យឌីជីថល»
គឺជាការចូលរួមរបស់វិស័យឯកជនក្នុងការគាំទ្រសកម្មភាពលើកកម្ពស់ចំណេះដឹង និងការអភិវឌ្ឍវិជ្ជាជីវៈសារព័ត៌មាន ជាពិសេសការពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានក្នុងបរិបទដែលបច្ចេកវិទ្យាឌីជីថលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
សិក្ខាសាលារយៈពេល២ថ្ងៃ ២៤ និង ២៥ ខែតុលានេះ មានគោលបំណងរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីក្រមសីលធម៌ និងការទទួលខុសត្រូវវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដើម្បីធានាថាការផលិត និងផ្សព្វផ្សាយព័ត៌មានប្រកបដោយភាពត្រឹមត្រូវ តុល្យភាព និងការទទួលខុសត្រូវ ស្របតាមការវិវត្តនៃសង្គមឌីជីថលនាពេលបច្ចុប្បន្ន៕


