ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ ក្នុងខេត្តឧត្តរមានជ័យ

នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសទី៣ (តាមាន់ធំ តាមាន់តូច និងតាក្របី) ក្នុងខេត្តឧត្តរមានជ័យ ស្របពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែររាប់មុឺននាក់មកពីគ្រប់មជ្ឈដ្ឋានបានចូលរួមក្នុងមហាព្រឹត្តការណ៍ “ការធ្វើដំណើរថ្មើរជើង” (#SolidarityMarch) នៅរាជធានីភ្នំពេញ ដើម្បីបង្ហាញនូវគាំទ្រចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការគោរព និងការកោតស្ញប់ស្ញែង ចំពោះវីរ:ភាព ទឹកចិត្តស្នេហាជាតិ និងស្មារតីលះបង់របស់កងទ័ពប្រកបដោយឆន្ទៈមោះមុតបំផុត ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។
ឯកឧត្តមរដ្ឋមន្ត្រីក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា រួមមានថវិកា និងគ្រឿងឧបភោគ បរិភោគ ដែលជាទឹកចិត្ត និងការរួមវិភាគទានរបស់ថ្នាក់ដឹកនាំក្រសួង សប្បុរសជន និងបណ្តាក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្ម ចែកជូនដល់កងកម្លាំងជួរមុខ ដេីម្បីជាការផ្សារភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ និងជាការដឹងគុណចំពោះការលះបង់របស់កងទ័ពក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាសម្រាប់កូនចៅជំនាន់ក្រោយរបស់យេីងទាំងអស់គ្នា។