ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជំរុញគ្រូឧទ្ទេសខិតខំអភិវឌ្ឍន៍ចំណេះដឹងឱ្យខ្លាំងបន្ថែមទៀត និងបំពេញតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ការរៀបចំវគ្គវិក្រឹតការគ្រូបច្ចេកទេស ស្តីពី “វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ” លើកទី៣នេះគឺដើម្បីគាំទ្រ និងពង្រឹងដល់កម្មវិធី១,៥លាននាក់ ជាពិសេសពង្រឹង និងលើកម្ពស់សមត្ថភាព និងចំណេះដឹងរបស់លោកគ្រូ អ្នកគ្រូ សំដៅប្រែក្លាយយុវជនកម្ពុជាឱ្យក្លាយខ្លួនជាកម្លាំងពលកម្មជំនាញ អ្នកបច្ចេកទេស និងដើម្បីចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មសំដៅ ការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ក្នុងពេលឡើងថ្លែងសុន្ទរកថាបិទបញ្ចប់វគ្គ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញឱ្យគ្រូឧទ្ទេសយកចំណេះដឹង ដែលទទួលបានពីវគ្គនេះ ទៅអភិវឌ្ឍន៍បន្ថែមតាមរយៈការរំលឹកមេរៀន និងខិតខំធ្វើការសិក្សាស្រាវជ្រាវខ្លួនឯងបន្ថែមតាមប្រព័ន្ធអនឡាញ ធ្វើយ៉ាងណាប្រែក្លាយខ្លួនទៅជាគ្រូ TVET ដ៏ឆ្នើមនិងទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋាន។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ យកចំណេះដឹង ជំនាញ និងបទពិសោធ ដែលទទួលបានពីវគ្គ វិក្រឹតការនេះ ទៅចែករំលែកបន្តដល់លោកគ្រូ អ្នកគ្រូនៃគ្រឹះស្ថានរបស់ខ្លួន ព្រមទាំងយកគំនិតល្អៗ ក្នុងវគ្គបំប៉ននេះទៅបណ្តុះបណ្តាលដល់ សិក្ខាកាម សិស្ស និស្សិត ដើម្បីឱ្យពួកគេទទួលបានចំណេះដឹង និងជំនាញស្របតាមទីផ្សារការងារ។
សម្រាប់ឯកឧត្តមរដ្ឋមន្ត្រី លោកគ្រូ អ្នកគ្រូ គឺជាប្រតិបត្តិករដ៏សំខាន់ក្នុងការចូលរួមដោយផ្ទាល់ ដើម្បីផ្លាស់ប្តូរជោគវាសនា របស់យុវជនមកពីគ្រួសារក្រីក្រចំនួន ១,៥លាននាក់ នៅទូទាំងប្រទេស ឱ្យមានចំណេះ ជំនាញ ស្របតាមអភិក្រម សម្ដេចធិបតី “រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ” និងជួយឱ្យពួកគេអាចចាកចេញពីភាពក្រីក្រ កែប្រែអនាគត ជីវភាព បង្កើតស្នាមញញឹម និងសុភមង្គលនៅក្នុងក្រុម គ្រួសារ និងសហគមន៍របស់ពួកគេ ព្រមទាំងបង្កើនភាពរុងរឿង និងសុខដុមរមនារបស់កម្ពុជាទាំងមូល។