ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ និងអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន និងលោកជំទាវ រួមទាំងក្រុមគ្រួសារ អញ្ជើញកាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម

នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមបរិរក្សបណ្ឌិត គាតឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងលោកជំទាវ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ បានអញ្ជើញ កាន់បិណ្ឌវេនទី១២ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តបទុមវតីរាជវរារាម ដែលស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្នុងឱកាសអញ្ជើញដល់ឯកឧត្តមបរិរក្សបណ្ឌិត គាត ឈន់ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុន្នីរ័ត្ន បានអញ្ជើញអុជទៀន ធូប ប្រគេនគន្ធពិដោរ ថ្វាយព្រះរតនត្រ័យ និងនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួនវេរប្រគេនចំពោះព្រះសង្ឃ នៅវត្ដបទុមវតីរាជវរារាម និងថ្វាយបង្គំព្រះពុទ្ធបដិមា សមាទានសីល រម្លឹកដល់គុណបុណ្យព្រះរតនៈត្រៃយ៍ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ពិសេសរម្លឹក ដល់ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូ នៃយើង ដែលព្រះអង្គបានត្រាស់ដឹង នូវអនុត្តរៈសម្មាសម្ពុទ្ធធិញាណ និងព្រះធម៌វិន័យដ៏វិសេសវិសាល បន្សល់ទុកឱ្យពុទ្ធបរិស័ទគ្រប់ជំនាន់ បានគោរពប្រតិបត្តិ ទំនៀមទំលាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែងតែធ្វើបុណ្យធ្វើទាន នៅគ្រប់រដូវកាល នៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំនោះ ។សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥។
នាអំណាចនៃផល្លានិសង្ឃកើតចេញពីទឹកចិត្តជ្រះថ្លា ក្នុងថ្ងៃកាន់បិណ្ឌវេនទី១២ នេះ បានឧទ្ទិសថ្វាយ ដល់វត្ថុសក្តិសិទ្ធ ក្នុងលោកដែលកើតចេញពីសទ្ធាជ្រះថ្លារបស់បរិរក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន និងលោកជំទាវ និងប្រជាពុទ្ធបរិស័ទ ធ្វើការប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ និមន្តព្រះសង្ឃ ដារបង្សុកូលពហូឆ្លង ដើម្បីជាកិច្ចឧទ្ទិសមហាកុសល ជូនចំពោះវិញ្ញាណក្ខន្ឋញ្ញាតិកា ទាំង៧ សណ្តាន ដែលបានចែកឋានទៅកាន់ឋានបរមសុខ និងសូមទក្ខិណានុប្បទាន ដើម្បីជូនបុណ្យ ចំពោះវីរៈជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព ដ៏អង់អាចក្លាហាន ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេល នៃជម្លោះព្រំដែន កម្ពុជា-ថៃ ព្រមទាំងចែកទានជូន លោកតាជី លោកយាយជី តាមសទ្ធាជ្រះថ្លា ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ ដោយក្តីអនុមោទនាកុសលផលបុណ្យ។
នាឱកាសនេះ បរិរក្សបណ្ឌិត គាត ឈន់ និងលោកជំទាវ អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន និងលោកជំទាវ ប្រជាពុទ្ធបរិស័ទគ្រប់រូប សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សា និងឃុំគ្រងវីរៈកងទ័ពកម្ពុជាយើង ដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួង ដល់វត្ថុសក្តិសិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើង ឱ្យមានជោគជ័យ និងសុខសុវត្ថិភាពគ្រប់ពេលវេលា ។
សូមជម្រាបថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ដែលធំជាងគេ និងមានរយៈពេលវែងជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម៕