ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី១ ស្តីពីគោលនយោបាយ និងការចូលរួមរបស់ប្រទេសកម្ពុជា ក្នុងការគាំទ្រ ចីរភាពអាកាសធាតុ
ក្នុងឱកាសនៃកិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញថ្លែងសន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំទី១ ស្តីពីគោលនយោបាយ និងការចូលរួម របស់ប្រទេសកម្ពុជា ក្នុងការគាំទ្រចីរភាពអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍អំពីការចូលរួមយ៉ាងយកចិត្តទុកដាក់ របស់ក្រសួងបរិស្ថាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តមបណ្ឌិត បានលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់នូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ (NDC3.0) ដែលជាផែនការសកម្មភាពអាកាសធាតុថ្មីរបស់កម្ពុជា ក្រោមអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ការដាក់ចេញនូវផែនការនេះ ជាជំហានដ៏មានសារៈសំខាន់មួយក្នុងដំណើរការជំរុញមហិច្ឆតាអាកាសធាតុ និងការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា «NDC3.0 របស់កម្ពុជាមានមហិច្ឆតា អាចអនុវត្តបាន និងបរិយាបន្ន ដោយឆ្លុះបញ្ចាំងពីមហិច្ឆតាជាតិ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងការកៀរគរ ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ផែនការជាតិនេះ ស្របនឹងគោលដៅ ជាសកលក្នុងការកំណត់សីតុណ្ហភាពឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែលស៊ុស និងក្របខណ្ឌគោលនយោបាយជាតិសំខាន់ៗ មានជាអាទិ៍៖ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ និងផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣»។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅតែប្តេជ្ញាចិត្តឥតងាករេ ក្នុងការចូលរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
បន្ទាប់ពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញថ្លែងសន្ទរកថាគន្លឹះបើកកិច្ចប្រជុំទី១នេះរួចមក កិច្ចប្រជុំតុមូលទី១ ស្តីពីការជំរុញនិរន្តភាព និងការពន្លឿនសកម្មភាពអាកាសធាតុ៖ ដំណោះស្រាយសម្រាប់ភពផែនដី ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសមកពីបណ្តាក្រុមហ៊ុន ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំកំពូលបៃតង និងចីរភាពសកលឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «ការកសាងអនាគត និងការស្ថាបនាពិភពលោកប្រកបដោយចីរភាព» ក្នុងឱកាសនេះ មានគោលបំណងក្នុងការចែករំលែកបទពិសោធន៍ ប្រមូលផ្តុំថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់កំណើនបៃតងសម្រាប់ពិភពលោកដែលមានចីរភាព ព្រមទាំងបង្កើតភាពជាអ្នកដឹកនាំផ្នែកគោលនយោបាយការទូតសម្រាប់ភាពធន់នឹងអាកាសធាតុ និងភាពជាអ្នកដឹកនាំផ្នែកនវានុវត្តន៍បៃតង ជាពិសេសតាមរយៈការខិតខំក្នុងក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវ ក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុបៃតង៕



