ឯកឧត្តមបណ្ឌិត ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ធ្វើបទបង្ហាញពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» ដល់មន្រ្តីរាជការ សាស្រ្តាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ថ្ងៃព្រហស្បតិ៍ ១២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញធ្វើបទបង្ហាញសំខាន់លើប្រធានបទ «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» ក្នុងវគ្គបណ្តុះបណ្តាលស្តីពី «គោលការណ៍គ្រឹះនៃមុខងារសាធារណៈ និងគុណសម្បត្តិនៃឥរិយាបថរបស់មន្រ្តីរាជការ» និង «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន»ដែលរៀបចំឡើងដោយពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ជាមួយគ្នានេះដែរ ឯកឧត្តមបានបកស្រាយយ៉ាងជ្រាលជ្រៅអំពីទស្សន និងគោលការណ៍មូលដ្ឋាននៃការបម្រើរដ្ឋ និងប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងអំពី ភក្តីភាពចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការគោរពច្បាប់ វិន័យការងារ មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងរដ្ឋបាលសាធារណៈឱ្យមានប្រសិទ្ធភាព និងមានភាពជឿជាក់ពីសង្គម រួមទាំងបានពន្យល់អំពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការ ដែលមានដូចជា ការតែងតាំង ការវាយតម្លៃសមត្ថភាព ការលើកតម្កើងឋានៈ វិន័យ និងសីលធម៌មុខងារសាធារណៈ ព្រមទាំងការរៀបចំបរិយាកាសកន្លែងបំពេញការងារ ឲ្យមានវិជ្ជាជីវៈ សហការល្អ និងគាំទ្រដល់ប្រសិទ្ធភាពការងារ។ សម្រាប់ប្រធានបទ «សុក្រឹត្យការគរុកោសល្យ និងវិធីសាស្រ្តបង្រៀន»នេះ វគ្គបណ្តុះបណ្តាលបានផ្តោតលើការពង្រឹងជំនាញបង្រៀនបែបទំនើប ការរៀបចំផែនការមេរៀន ការប្រើប្រាស់វិធីសាស្រ្តបង្រៀនសកម្ម ការវាយតម្លៃសិស្ស និងការបង្កើតបរិយាកាសសិក្សាដែលលើកទឹកចិត្តដល់ការគិតវិភាគ និងការចូលរួមរបស់អ្នកសិក្សាដែលជាដំណាក់កាលសំខាន់ក្នុងការលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះធនធានមនុស្សប្រកបដោយសមត្ថភាព និងសីលធម៌។

គូសបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការបង្កើនចំណេះដឹង និងការយល់ដឹងអំពី តួនាទី ភារកិច្ច សិទ្ធិ និងកាតព្វកិច្ច របស់មន្រ្តីរាជការ ព្រមទាំងការបណ្តុះស្មារតីទំនួលខុសត្រូវ វិន័យ ឆន្ទៈម្ចាស់ការ និងឥរិយាបថវិជ្ជាជីវៈ ក្នុងការបម្រើសាធារណៈជាអាទិភាព ជាពិសេស ការដាក់គោលដៅបង្កើនគុណភាពបង្រៀន និងការអភិវឌ្ឍសមត្ថភាពគរុកោសល្យរបស់គ្រូបង្រៀន ឲ្យអាចបំពេញភារកិច្ចអប់រំបានប្រកបដោយប្រសិទ្ធភាព សុចរិតភាព និងគុណភាពខ្ពស់។ ជាមួយគ្នានេះផងដែរវគ្គបណ្តុះបណ្តាលនេះ ជាវេទិកាសំខាន់មួយសម្រាប់ការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងការពង្រឹងសមត្ថភាពមន្រ្តីរាជការ និងគ្រូបង្រៀន នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីឆ្ពោះទៅរកការអភិវឌ្ឍស្ថាប័នអប់រំប្រកបដោយគុណភាព សុចរិតភាព និងនិរន្តរភាព។