ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026

(ទីក្រុងឌូប្រូវនីក ប្រទេសក្រូអាស៊ី) ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន បានចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ ក្រោមប្រធានបទ “ការបោសសម្អាតមីនដើម្បីសន្តិភាពយូរអង្វែង៖ ការបោសសម្អាតមីនដើម្បីសន្តិសុខស្បៀង និងភូមិសាស្ត្រនយោបាយ” ដែលប្រព្រឹត្តទៅក្នុងអំឡុងពេលនៃវេទិកាDubrovnik Forum 2026។

កិច្ចពិភាក្សាកម្រិតខ្ពស់នេះ មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំជានខ្ពស់រដ្ឋាភិបាល តំណាងអង្គការអន្តរជាតិ សហភាពអឺរ៉ុប អ្នកជំនាញសកម្មភាពមីន និងដៃគូអភិវឌ្ឍន៍ ដើម្បីពិភាក្សាអំពីសារៈសំខាន់នៃសកម្មភាពមីន ក្នុងការលើកកម្ពស់សន្តិភាព ការពង្រឹងសន្តិសុខស្បៀង ការគាំទ្រដល់ការស្តារឡើងវិញក្រោយជម្លោះ និងការបង្កើនសន្តិសុខក្នុងតំបន់ និងពិភពលោក។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានចែករំលែកបទពិសោធន៍ជាងបីទសវត្សរ៍របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាមីនដែលបន្សល់ទុកដោយសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍។ ឯកឧត្តម បានគូសបញ្ជាក់ថា សកម្មភាពមីនមិនមែនគ្រាន់តែជាសកម្មភាពមនុស្សធម៌នោះទេ ប៉ុន្តែជាការវិនិយោគលើសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខស្បៀង និងអធិបតេយ្យភាពជាតិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា “ដីមានមីនមិនអាចបង្កបង្កើនផលបានឡើយ ផ្លូវដែលមានមីនមិនអាចធ្វើពាណិជ្ជកម្មបានទេ ហើយយើងមិនអាចគ្រប់គ្រងលើដីដែលគ្មានសុវត្ថិភាពនោះទេ”។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីសមិទ្ធផលសកម្មភាពមីនកម្ពុជាចាប់តាំងពីឆ្នាំ 1992 ដោយកម្ពុជាបានបោសសម្អាតផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណ 3,400 គីឡូម៉ែត្រការ៉េ និងបានកម្ទេចមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមជាង 4,4 លានគ្រាប់ និងបានកាត់បន្ថយអត្រាគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ពីជាង 4 000 នាក់មកត្រឹមក្រោម 100 នាក់ ក្នុងមួយឆ្នាំ។ ឯកឧត្តមលើកឡើងថា ផ្ទៃដីបោសសម្អាតរួចប្រមាណ 65 ភាគរយត្រូវបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ដែលអាចឱ្យសហគមន៍កសិកម្ម កសាងជីវភាពរស់នៅរបស់ពួកគេឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ទៅក្នុងការនាំចេញផលិតផលស្រូវ-អង្ករ របស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការចូលរួមចំណែករបស់កម្ពុជាក្នុងសកម្មភាពមីនអន្តរជាតិ ដោយកត់សម្គាល់ថា អ្នកជំនាញដោះមីនកម្ពុជាបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយថ្មីៗនេះ បានផ្តល់ការបណ្តុះបណ្តាល និងជំនាញបច្ចេកទេសដល់អ្នកដោះមីនប្រទេសអ៊ុយក្រែន។ ឯកឧត្តមថ្លែងថា បទពិសោធន៍របស់កម្ពុជាជាឧទាហរណ៍ជាក់ស្តែង នៃសាមគ្គីភាពអន្តរជាតិតាមរយៈការចែករំលែកចំណេះដឹង និងដំណោះស្រាយ។

ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញឱ្យសហគមន៍អន្តរជាតិទទួលស្គាល់សកម្មភាពមីន ជាសសរស្តម្ភមួយ នៃការស្តារឡើងវិញក្រោយជម្លោះ និងបន្តផ្តល់ហិរញ្ញប្បទានរយៈពេលវែងសម្រាប់កម្មវិធីសកម្មភាពមីន។ ឯកឧត្តមគូសបញ្ជាក់ថា សន្តិភាពយូរអង្វែង ការអភិវឌ្ឍប្រកបដោយចីរភាព សន្តិសុខស្បៀង និងការស្តារឡើងវិញនៃសេដ្ឋកិច្ចអាចសម្រេចបានលុះត្រាតែដីមានមីត្រូវបានបោសសម្អាតរួច មានសុវត្ថិភាពជាមុនសិន ដែលអនុញ្ញាតឱ្យសហគមន៍វិលត្រឡប់ទៅផ្ទះវិញ ស្តារជីវភាពរស់នៅ និងកសាងអនាគតដែលមានសុវត្ថិភាពជាងមុន។