ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចពិគ្រោះយោបល់គោលនយោបាយ  “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ចដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា”

ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចពិគ្រោះយោបល់គោលនយោបាយស្តីពី “ការបង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុនៅកម្ពុជា” ដែលរៀបចំដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីនិងប៉ាស៊ីហ្វី របស់អង្គការសហប្រជាជាតិ (UN-ESCAP) និង គណៈកម្មាធិការ ជាតិអេស្កាប់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅសណ្ឋាគារ ហីម៉ាវ៉ារី រាជធានីភ្នំពេញ។ 

កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីឧត្តមមន្ត្រី និងមន្ត្រីជំនាញរបស់រាជរដ្ឋាភិបាលកម្ពុជា បញ្ញវ័ន្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីជំនាញរបស់ UN-ESCAP ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ បានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការអភិវឌ្ឍជារួមរបស់ប្រទេសនានាក្នុងតំបន់ ហើយកម្ពុជាក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលងាយរងគ្រោះ ដោយសារការប្រែប្រួលអាកាសធាតុផងដែរ ដោយប្រជាពលរដ្ឋកម្ពុជាប្រមាណ ៧០% បម្រើការនៅក្នុងវិស័យកសិកម្ម។ 

ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការឆ្លើយតបម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ និងបញ្ចៀសផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងបង្កើនភាពធន់នៃសេដ្ឋកិច្ច។ កម្ពុជា បានឈានទៅរកកំណើនបៃតង ដោយក្នុងនោះបានបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយកាបូនិក និងពង្រឹងសន្តិសុខថាមពល។ 

ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋន្ត្រី បានលើកឡើងនូវអនុសាន៍ចំនួន ០៤ ដែលចូលរួមដល់កិច្ចប្រឹងប្រឹងប្រែង បង្កើនភាពធន់ម៉ាក្រូសេដ្ឋកិច្ច ដែលឆ្លើយតបទៅនឹងអាកាសធាតុ ដែលមានដូចខាងក្រោម៖ 

ទី១៖ ត្រូវប្រើប្រាស់ឧបករណ៍សារពើពន្ធវៃឆ្លាត សម្រាប់ការវិភាគ ការរៀបចំផែនការ និងការសម្រេចចិត្តលើការវិនិយោគ។ 

ទី២៖ ត្រូវពង្រឹងកិច្ចសម្របសម្រួលអន្តរស្ថាប័ន ដោយតម្រូវឱ្យគ្រប់ស្ថាប័នបញ្ចូលការបង្កើនភាពធន់អាកាសធាតុ ទៅក្នុងការរៀបចំផែនការរបស់ខ្លួន។ 

ទី៣៖ ត្រូវបង្កើនការកៀរគរហិរញ្ញប្បទានអាកាសធាតុ និងផ្តល់ការលើកទឹកចិត្ត ដល់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងថាមពលស្អាត ដែលធន់ទៅនឹងអាកាសធាតុ។

ទី៤៖ ត្រូវពង្រឹងសមត្ថភាពជាតិ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងគោលនយោបាយ សំដៅបង្កើនភាពធន់ទៅនឹងអាកាសធាតុ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការបង្កើនភាពធន់អាកាសធាតុ គឺជាការការពារដល់សហគមន៍ងាយរងគ្រោះ ហើយទាមទារឱ្យមានកិច្ចសហការខ្ពស់ រវាងគ្រប់ភាគីពាក់ព័ន្ធ និងមានយុទ្ធសាស្ត្រវែងឆ្ងាយ ដែលឆ្លើយតមទៅនឹងស្ថានភាពជាក់ស្តែង នៃប្រទេសនីមួយៗ នៅក្នុងតំបន់។ ឯកឧត្តម បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បង្កើនកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ និងស្នើដល់ UN-ESCAP ក៏ដូចជាដៃគូអភិវឌ្ឍផ្សេងទៀត បន្តគាំទ្រដល់កម្ពុជា ក្នុងការបង្កើនភាពធន់អាកាសធាតុ និងសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។