ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ៖ ទស្សនវិស័យអាស៊ាន សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដោយស្មោះត្រង់ទៅវិញទៅមក

នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ កិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The 16th AIPA Caucus) នៅវិមានរដ្ឋសភា។
ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន AIPA ដែលបានរៀបចំកិច្ចប្រជុំនេះប្រកបដោយជោគជ័យ និងស្នើឱ្យមានការពិចារណាបង្កើត វេទិកាអ្នកដឹកនាំសភា AIPA ដើម្បីជាវេទិកាថ្មីមួយទៀតដល់សភា ក្នុងការជជែក ស្វែងរកដំណោះស្រាយបញ្ហាប្រឈមពិភពលោក ដែលមានរាប់មិនអស់ ។
ឯកឧត្តមបណ្ឌិត បានលើកឡើងពីករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ជូនគណៈប្រតិភូជាសមាជិកសភាបរទេសទាំងអស់ថា តំណាងរាស្រ្តកម្ពុជាទាំងអស់ បានគាំទ្រជាឯកច្ឆន្ទចំពោះការយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ តាមគំរូសំណុំរឿងសិង្ហបុរី-ម៉ាឡេស៊ីក្នុងឆ្នាំ ២០០៨ និងសំណុំរឿងម៉ាឡេស៊ី-ឥណ្ឌូនេស៊ី ឆ្នាំ១៩៩៨។ បន្ទាប់ពីការចរចាអស់២៥ឆ្នាំ គ្មានលទ្ធផលដុំកំភួន និងមានជម្លោះជាបន្តបន្ទាប់។ ឯកឧត្តម បានអំពាវនាវឱ្យ រដ្ឋាភិបាលថៃពិចារណាដំណោះស្រាយដោយសន្តិវិធីតាមរយៈច្បាប់អន្តរជាតិ ដើម្បីបញ្ចៀសជម្លោះបន្ថែមទៀតដែលបណ្តាលឱ្យមានអ្នកស្លាប់ និងអ្នករបួសទាំងសងខាង។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានមានប្រសាសន៍បញ្ជាក់ថា “ទស្សនវិស័យតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ” សម្រេចទៅបាន លុះត្រាតែអាស៊ានប្រកាន់ខ្ជាប់នូវកិច្ចសន្ទនាផ្អែកលើច្បាប់ គោរពច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយស្មោះត្រង់ទៅវិញទៅមក៕