ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ វៀងថុង ស៊ីផាន់ដន ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យតុលាការ…

ឯកឧត្តមបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូលកម្ពុជា អនុញ្ញាតឲ្យលោកជំទាវ វៀងថុង ស៊ីផាន់ដន ប្រធានតុលាការប្រជាជនកំពូល នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារវិស័យតុលាការ…
តបតាមការអញ្ជើញរបស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវ វៀងថុង ស៊ីផាន់ដន (VIENGTHONG SIPHANDONE) បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោកជំទាវ វៀងថុង ស៊ីផាន់ដន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូល។
ក្នុងជំនួបនាថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥នេះ នៅតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលបានសម្តែងនូវមនោសញ្ចេតនាចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំចំពោះមរណភាព ឯកឧត្តម ខាត ស៊ីផាន់ដន អតីតប្រធានរដ្ឋឡាវ ជាបិតាបង្កើតរបស់លោកជំទាវ វៀងថុង ស៊ីផាន់ដន និងសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវប្រធាន និង គណៈប្រតិភូ ព្រមទាំងបានជម្រាបជូនគណៈប្រតិភូពីការរីកចម្រើនលើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា រួមទាំងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលកំពុងតែផ្តល់ផ្លែផ្កាគួរជាទីពេញចិត្ត។
លោកជំទាវ ប្រធានតុលាការប្រជាជនកំពូលឡាវជម្រាបជូនភាគីកម្ពុជាអំពីការវិវឌ្ឍន៍រីកចម្រើននៅប្រទេសឡាវលើ វិស័យច្បាប់ និងតុលាការផងដែរ និងបានថ្លែងអំណរគុណចំពោះការអញ្ជើញ និងការធ្វើបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ព្រមទាំងកោតសរសើរចំពោះការអភិវឌ្ឍដ៏ឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានផ្នែកតុលាការផងដែរ។
ទន្ទឹមនឹងនេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរបានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការនាពេលកន្លងមកតាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាប្រធានតុលាការកំពូលអាស៊ាន (CACI) និង សម្តែងការពេញចិត្តចំពោះភាពចាំបាច់ក្នុងការបង្កើតយន្តការទ្វេភាគីរវាងតុលាការកំពូលនៃប្រទេសទាំងពីរនាពេលនេះ ដែលបានរឹតចំណងមិត្តភាព និងសាមគ្គីភាព មិនត្រឹមតែរវាងប្រជាពលរដ្ឋប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរវាងស្ថាប័នតុលាការឱ្យបានកាន់តែរឹងមាំ ដើម្បីភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសរៀងៗខ្លួន។
ក្នុងឱកាសនេះ ប្រធានតុលាការកំពូលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃ ការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ ដើម្បីជំរុញ និងពង្រឹងភាពជាដៃគូនៃតុលាការប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ការធ្វើសិក្ខាសាលាចែករំលែកចំណេះដឹង និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើផ្នែកជំនាញវិជ្ជាជីវៈតុលាការ ជាពិសេសការលើកកម្ពស់ កិច្ចសហការនៃតុលាការបណ្ដាខេត្តជាប់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន និងការដោះស្រាយវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន ដែលកើតមាននៅតាមមូលដ្ឋានព្រំដែនប្រវែង ២៥៧ គីឡូម៉ែត្រ ដើម្បីសុខុមាលភាព ភាពសុខសាន្ត និងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ លោកជំទាវប្រធានតុលាការប្រជាជនកំពូលឡាវ ក៏បានអញ្ជើញឯកឧត្តមប្រធានតុលាការ
កំពូលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ច នៅសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេលខាងមុខផងដែរ៕