ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតី ពិធីសូធ្យព្រះត្រៃបិដក ឆ្លងបញ្ចប់នៃពិធីបុណ្យខួប៥៦ឆ្នាំ ការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក

ឯកឧត្តមបណ្ឌិត ចាយ បូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា នាល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ អញ្ជើញជាអធិបតីសូធ្យព្រះត្រៃបិដក នៃពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក នៅពុទ្ធមណ្ឌលវិបស្សនាធុរៈនៃព្រះរាជាណាចក្រកម្ពុជា(ភ្នំអដ្ឋរស្ស) ស្ថិតនៅភូមិភ្នំ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ក្នុងពិធីនេះមានការ សម្តេចគណ:សង្ឃនាយក យាង ដឹកនាំ សម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម ព្រះមន្រ្តីសង្ឃ សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈជាច្រើនព្រះអង្គ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ សូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមុខព្រះពុទ្ធបដិមាធំ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ។

ផ្អែកតាមក្រមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋ ដែលត្រូវបានយកចិត្តទុកដាក់បំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចចំនួន៣ចំណុច ដែលជាការតម្កើងដ៏អស្ចារ្យក្នុងព្រះពុទ្ធសាសនាខ្មែររួមមាន ៖(១)ការបង្កើតក្រុមជំនុំព្រះត្រៃបិដកឡើងវិញ ដើម្បីផ្ទៀងផ្ទាត់គម្ពីរក្បួនច្បាប់ពុទ្ធសាសនា និងបកប្រែអដ្ឋកថា ដីកា យោជនា ដែលជាសេចក្តីពន្យល់របស់ព្រះអរហន្តលើគម្ពីរព្រះត្រៃបិដកជាពុទ្ធវចនៈ (២)រៀបចំពិធីសូត្រព្រះត្រៃបិដកខ្មែររៀងរាល់ ៥ឆ្នាំម្តងនៅប្រាសាទអង្គរវត្ត ឬភ្នំព្រះរាជទ្រព្យ (ទីតាំងតម្កល់ព្រះបរមសារីរិកធាតុ) និង (៣)រៀបចំពិធីបុណ្យរំលឹកការបកប្រែគម្ពីរព្រះត្រៃបិដក និងរំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដក។

ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានសម្ដែងអំណរអរព្រះគុណ និងអរគុណ ចំពោះគណៈកម្មការរៀបចំកម្មវិធីបុណ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានសហការរៀបចំពិធីបុណ្យឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលគួរជាទីមោទនៈ ស្របពេលដែលប្រទេសជាតិមាននូវស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានចាត់ទុក ពិធីបុណ្យខួប៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ សូធ្យព្រះត្រៃបិដក និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយក្នុងការលើកស្ទួយតម្លៃមត៌កធម៌ដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាពុទ្ធសាសនិកខ្មែរគ្រប់ទិសទី យកទៅគោរពប្រតិបត្តិទៅតាមមាគ៌ារៀងៗខ្លួន។

សូមជម្រាបជូនថា ពិធីបុណ្យនេះ រៀបចំឡើងក្នុងគោលបំណង (១)អបអរសាទរសមិទ្ធផលជាប្រវត្តិសាស្ត្រ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរបានពេញលេញ (២)រំលឹកដល់គុណក្រុមជំនុំព្រះត្រៃបិដកដែលបានខិតខំចងក្រង បកប្រែ និងថែរក្សាមរតកធម៌នេះ និង (៣)ការសូធ្យព្រះត្រៃបិដកលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ ៕